ខេត្តសៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់នៅមិន ឆ្ងាយប៉ុន្មានពីតំបន់សង្គ្រាមចុងក្រោយ ដែលត្រូវបានបញ្ចប់ដោយនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍សំខាន់ៗ មានដូចខាងក្រោម៖
-សម្ដេចធិបតី ថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលដ៏មានតម្លៃដែលកើតចេញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងកម្ពុជា-ចិន បន្ទាប់ពីសមិទ្ធផលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
-សម្ដេចធិបតី ថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។
-សម្ដេចធិបតី ថ្លែងថា តាមរយៈយុទ្ធសាស្ត្រទាក់ទាញទេសចរក្រោមប្រធានបទ«ទស្សនាកម្ពុជា ឆ្នាំ២០២៤» ទេសចរចិន នឹងមកលេងកម្សាន្តច្រើននៅកម្ពុជានាឆ្នាំ២០២៤ ខាងមុខនេះ។ កត្តានេះ ទាមទារឱ្យកម្ពុជាត្រូវរៀបចំកែសម្រួល និងត្រៀមគ្រប់ផ្នែកដើម្បីទទួលទេសចរទាំងនោះ។
-សម្ដេចធិបតី ថ្លែងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប គឺដោយឈរលើចក្ខុវិស័យវែងឆ្ងាយចំនួន ២ របស់សម្ដេចតេជោ ហ៊ុន សែន នោះគឺការអភិរក្ស និងការអភិវឌ្ឍ។
-សម្ដេចធិបតី ថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អនុញ្ញាតឱ្យយន្តហោះ ឡើងចុះបាន២ ទិសផ្សេងគ្នា ដែលខុសពីព្រលានយន្តហោះចាស់ ដែលអនុញ្ញាតឱ្យយន្តហោះឡើងចុះបាន តែមួយទិសប៉ុណ្ណោះ ដោយសារមួយទិសទៀត ប៉ះចំលើបុរាណប្រាសាទក្នុងតំបន់អង្គរ។
-សម្ដេចធិបតី ថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបំពាក់ទៅដោយសម្ភារទំនើបៗ និងអាចពង្រីកបានទៅតាមបច្ចេកទេសជំនាញ។ ព្រលានយន្តហោះចាស់ ប្រើសម្ភារបំពាក់មិន សូវទំនើប។ ព្រលានយន្តហោះចាស់ អាចពង្រីកបានតែមានកំណត់។
-សម្ដេចធិបតី ថ្លែងថា ព្រលានយន្តហោះជាច្រើននៅក្នុងពិភពលោក មិនមានតម្លៃត្រឹមតែជា អាកាសយានដ្ឋាន សម្រាប់យន្តហោះចុះចត ឬចេញដំណើរប៉ុណ្ណោះនោះទេ ប៉ុន្តែអាកាសយានដ្ឋាន របស់ប្រទេសទាំងនោះ បានក្លាយជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មថែមទៀត។
-សម្ដេចធិបតី ថ្លែងថា បានប្រកាសឱ្យដឹងថា ប្រព័ន្ធ E-Arrival សម្រាប់ការបំពេញបែបបទរបស់ អ្នកដំណើរតាមយន្តហោះ មកដល់កម្ពុជា នឹងដាក់ឱ្យដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមុនគេ ដើម្បីសម្រួលដល់ការបំពេញបែបបទរបស់អ្នកដំណើរទាំងនោះ ឱ្យកាន់តែងាយស្រួល និងមិនស្មុគស្មាញ ដូចការបំពេញដោយប្រើប៊ិកសរសេរ។
-សម្ដេចធិបតី ថ្លែងថា កម្ពុជាគ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទ ស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន(PASSPORT)នោះទេ។
-សម្ដេចធិបតី ថ្លែងថា សៀមរាប នឹងមានរថភ្លើងស្រាល(Autorail) សម្រាប់ធ្វើដំណើរទៅមក រវាងក្រុងសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
-ជាចក្ខុវិស័យបន្តក្នុងការតភ្ជាប់ការដឹកជញ្ជូន សម្ដេចធិបតី បានណែនាំឱ្យមានការសិក្សាលើគម្រោងកសាងខ្សែរថភ្លើងពីទីតាំងព្រលានយន្តហោះ សៀមរាបអង្គរថ្មី ទៅកាន់ទីក្រុងសៀមរាប ដើម្បីជួយសម្រួលដល់ការធ្វើដំណើរការ ដែលកាត់បន្ថយការចាយពេលវេលា និងថវិការបស់អ្នកដំណើរ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ការផ្លាស់ប្ដូរអាកាសយានដ្ឋានអន្តរជាតិនៅ សៀមរាបនេះ ជាចក្ខុវិស័យវែងរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយផ្អែកលើមូលដ្ឋានគ្រឹះចំនួន២ គឺការអភិវឌ្ឍនូវមធ្យោបាយដឹកជញ្ជូន តាមផ្លូវអាកាសរបស់កម្ពុជា តាមតម្រូវការបច្ចុប្បន្ន និងទៅអនាគត ហើយការកសាងព្រលានយន្តហោះថ្មីនេះ ក៏គិតដល់កិច្ចការអភិរក្សផងដែរ ខណៈព្រលានយន្តហោះសៀមរាបចាស់ ស្ថិតក្នុងតំបន់អង្គរ។
សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់ឡើងក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចំនួន៣រួមមាន៖ ១) ក្រុមហ៊ុនវិនិយោគយុនណាន (Yunnan Investment Group) ដែលមានភាគហ៊ុនចំនួន ៧៦,៦%, ២) ក្រុមហ៊ុនសំណង់ និងវិនិយោគយុនណាន (Yunnan Construction and Investment Holding Group) មានភាគហ៊ុនចំនួន ២០% និង ៣) ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយុនណា (Yunnan Airport Group) ដែលជាប្រតិបត្តិករមានភាគហ៊ុនចំនួន ៣,៤%។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានវិនិយោគក្រោមទម្រង់ «សាងសង់-អាជីវកម្ម-ផ្ទេរ/BOT» ដោយមានរយៈធ្វើសម្បទានសរុបមានចំនួន ៥៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៧១។ ក្នុងនោះរយៈពេលសាងសង់មានចំនួន៥ឆ្នាំ និងរយៈពេលធ្វើអាជីវកម្មចំនួន៥០ឆ្នាំ។
អាកាសយានដ្ឋានដ៏ធំនេះ ជាការកសាងហេដ្ឋា រចនាសម្ព័ន្ធថ្មីសុទ្ធសាធ លើផ្ទៃដីទំហំ ៧០០,០៦ហិកតា និងមានដីបម្រុងប្រមាណ ១,០០០ហិកតា សម្រាប់ការកសាងតំបន់អភិវឌ្ឍន៍ពហុបំណង (សេដ្ឋកិច្ច- ទេសចរណ៍-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែល អាចហៅថា «ទីក្រុងអាកាសយានដ្ឋាន/ Airport City» នាពេលខាងមុខ។
អាកាសយានដ្ឋាននេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិលំដាប់/ប្រភេទ៤ (4E) ដែលអាចបម្រើការហោះហើររបស់យន្តហោះស្ទើរគ្រប់ប្រភេទ (ក្នុងដំណាក់ការទីមួយ) ចាប់ពីអាកាសយានប្រភេទតូច រហូតដល់ប្រភេទធំៗ ក៏ដូច ជាសម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ (Long Haul/ Long Range Flights) ដែលមានផ្លូវរត់ (Runway) ប្រវែង ៣,៦០០ម៉ែត្រ មាន សមត្ថភាពអាចឱ្យយន្តហោះគ្រប់ប្រភេទចុះចតបានជាមធ្យមចំនួន៣០ ទៅ ៣២ជើង ក្នុង១ម៉ោង (30 to 32 landings capacity per hour)។ មានចំណតអាកាសយាន (Aircraft Stands) ចំនួន៣៨ចំណត ក្នុងនោះមានចំណតជាប់នឹងស្ថានីយ៍មានចំនួន១៥ (with aerobridge) និងចំណតក្រៅស្ថានីយ៍មានចំនួន២៣ (remoted parking/ without aerobridge) ដែលអាចទទួលយន្តហោះធំ ចំនួន១១ចំណត និងយន្តហោះតូចចំនួន ២៧ចំណត។ មានស្ថានីយ៍អ្នកដំណើរមានទំហំ ៨១,៨០០ម៉ែត្រការ៉េ និងមានអគារប៉មបញ្ជាការហោះហើរមួយមានកម្ពស់ ៨០ម៉ែត្រ។
អាកាសយានដ្ឋាននេះ បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅខែមីនា ឆ្នាំ២០២០ បញ្ចប់ជាស្ថាពរកាលនៅបំណាច់ខែមីនាឆ្នាំ២០២៣នេះ ដោយប្រើរយៈពេល ៣៦ខែស្មើនឹង៣ឆ្នាំ។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ ប្រើប្រាស់បុគ្គលិក-វិស្វករ-កម្មករចន្លោះពី ២,៥០០នាក់ ទៅ ៣,៧០០នាក់ ក្នុងនោះមានបុគ្គលិក-វិស្វករ-កម្មករខ្មែរចំនួន ៧០ភាគរយ និងចិនចំនួន ៣០ភាគរយ អាស្រ័យទៅលើតម្រូវការនៃទំហំការងារជាក់ស្តែង។
បច្ចុប្បន្ននេះបុគ្គលិក-វិស្វករ-កម្មករក្រុមហ៊ុនម៉ៅការពាក់ព័ន្ធទាំងនោះ នៅសល់តែចំនួន ៩០៣នាក់ ក្នុងនោះបុគ្គលិក-វិស្វករ-កម្មករខ្មែរចំនួន ៣៤៦នាក់ និងចិនចំនួន ៥៥៧នាក់៕
ដោយ៖ សហការី