ភ្នំពេញ៖យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលផ្តួច ផ្តើមឡើងដោយបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គិតមកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ពោលគឺមានរយៈពេលជាង២ខែ មានរដ្ឋបាលខេត្តចំនួន៧ និងស្ថាប័នកាកបាទក្រហមកម្ពុជា បានចុះអនុស្សារណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយក្រសួងបរិស្ថាន។
សម្រាប់ខេត្តទាំង៧ ដែលបានចុះអនុស្សារណៈយោគ យល់ជាមួយក្រសួងបរិស្ថានរួមមាន៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់ និងខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកញ្ញា។ ដោយឡែកខេត្តភាគឦសាន៤ បន្ថែមទៀត រួមមាន៖ ខេត្តក្រចេះ,ស្ទឹងត្រែង,រតនគិរី និងមណ្ឌលគិរី បានចុះអនុស្សារណ:ចូលរួមយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» នាថ្ងៃទី១៧ ខែ វិច្ឆិកាឆ្នាំ២០២៣ នៅខេត្តក្រចេះ។ ក្រៅពីនេះមានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងអង្គការស្បៀងអាហារពិភពលោក (FAO) បានចុះអនុស្សារណៈយោគយល់នេះ ជាមួយក្រសួងបរិស្ថាន កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
ដោយឡែកតាមការគ្រោងទុកនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ នឹងមានរដ្ឋបាលខេត្តកំពត,ខេត្តកែប,ខេត្តព្រះសីហនុ,ខេត្តកោះកុង,ខេត្តកំពង់ស្ពឺ,តាកែវ ព្រមទាំង សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងចុះអនុស្សារណៈយោគយល់ជាមួយក្រសួងបរិស្ថាន និងបើកយុទ្ធនា ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»នៅតាមសាលារៀន។
ពិធីចុះអនុស្សារណៈយោគយល់នេះនឹងធ្វើឡើងនៅទីក្រុងកំពត ខេត្តកំពត ព្រមមួយនឹងការបើកបើកយុទ្ធនាការនៅទីនេះ នៅតាមបណ្តាស្រុកទាំង៨ ព្រមទាំងនៅតាមគ្រឹះស្ថានសិក្សា ចំណេះទូទៅនៅទូទាំងខេត្តកំពត ផងដែរ។
គួរឱ្យដឹងថា យុទ្ធនាការដំបូងបានរៀបចំដំបូងនៅតាមសាលារៀន ទូទាំងស្រុកចំនួន៤៤ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានលោកគ្រូ អ្នកគ្រូ សរុបចំនួន ៥៤៩នាក់ ស្រី ២៦៣នាក់ និងសិស្សានុសិស្សសរុប ១៨,៧៣៥នាក់ ស្រី ៩,៣៥៣នាក់ប៉ុណ្ណោះ។
ក្រសួងបរិស្ថាន ពិតជាមានសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងនៅចងចាំជានិច្ចចំពោះ ការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និងភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន។
គួរបញ្ជាក់ថា បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន នាកន្លងមកបានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍ និងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តីបានចាត់ទុកថា យុទ្ធនាការនេះ បានកំពុងដោះស្រាយបញ្ហាប្លាស្ទិកយ៉ាងសំខាន់នៅកម្ពុជា ហើយនឹងជួយឱ្យកម្ពុជាស្អាត នាពេលដ៏ខ្លីខាងមុខនេះ។
ក្រសួងបរិស្ថានបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី១ ខែ កញ្ញា រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានអ្នកចូលរួម ផ្ទាល់សរុបចំនួន ២,៩៤៩,៤៥១ អង្គ/នាក់។ សម្រាប់ទិន្នន័យការចូលរួមដោយប្រយោលមានចំនួនសរុប ៨,៨៤៨,៣៥៣ អង្គ/នាក់ (មាតាបិតាមនុស្សក្នុងគ្រួសារ) ដូចនេះ ចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្មើនឹង ៥២% នៃចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា៕
ដោយ៖ សហការី