ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាទេសចរណ៍១គ្រឿង ផ្ទុកភ្ញៀវទេសចរបរទេសសរុបចំនួន ២០០៥នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាថ្ងៃទី១៧វិច្ឆិកា ក្នុងគោលបំណងមកកម្សាន្តនៅកម្ពុជា រយៈពេល០២ថ្ងៃ (ព្រះសីហនុ)។
មន្ត្រីដដែលបន្តថា នាវាទេសចរណ៍បរទេសមានឈ្មោះ NORWEGIAN JEWEL មានសញ្ជាតិ BAHAMAS មានបណ្តោយ ២៩៤,១៣ម៉ែត្រ ទទឹង៣២,២០ម៉ែត្រ ជម្រៅទឹក ៨.២០ម៉ែត្រ។ នាវានេះបានធ្វើដំណើរចាកចេញពីប្រទេសវៀតណាមចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកានេះ។ តាមការគ្រោងទុកនាវានេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៧រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្តដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម។
ភ្ញៀវទេសចរភាគច្រើនជាមនុស្សមានវ័យចំណាស់ដែលធ្វើដំណើរតាមនាវាយក្សនេះ មានអ្នកទេសចរណ៍សុទ្ធ ចំនួន ១៨០៣នាក់ ស្រីចំនួន ៣០នាក់ មាន ៥៧សញ្ជាតិ និងមាននាវិកសរុបចំនួន ១ ០៤០នាក់ ស្រី ២៣០នាក់ មាន ៥៤សញ្ជាតិ។ ភ្ញៀវទេសចរមានសញ្ជាតិច្រើនជាងគេមានដូចជា ភ្ញៀវសញ្ជាតិអាមេរិកមានចំនួន ១ ១៣៧នាក់ កាណាដាចំនួន ១០៦នាក់ ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងទៀត។
ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា NORWEGIAN JEWEL បានធ្វើដំណើរទស្សនកិច្ចនៅតាមទីប្រជុំជននាក្នុងក្រុងព្រះសីហនុ មានដូចជា ទីប្រជុំជនផ្សារលើ តំបន់រមណីដ្ឋានវប្បធម៌ក្នុងខេត្តព្រះសីហនុ មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) សង្កាត់លេខ១ និងតាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះ សីហនុ ភ្ញៀវទេសចរខ្លះបានជិះកង់ជាក្រុមដើរលេងកម្សាន្តនៅតាមបណ្តោយឆ្នេរ នៃក្រុងព្រះសីហនុ ដោយមានការការពារសុខសុវត្ថិភាព និងការសម្របសម្រួលពីអាជ្ញាធរក្រុង-ខេត្ត និងកងកម្លាំងប្រដាប់អាវុធផងដែរ៕
ដោយ៖ សហការី