ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបេវរធិបតីហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមពិធីបាញ់កាំជ្រួចអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅរាត្រីថ្ងៃ១៩ វិច្ឆិកា មុខព្រះបរមរាជវាំង ដែលរៀបចំដោយសមាគមជប៉ុន-កម្ពុជា ។
ក្នុងពិធីនេះក៏មានការចូលរួមពីលោក អ៊ូអិណូ អាត់ស៊ូស៊ី UENO At sushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃអាទិត្យ ៧កើត ខែកត្ដិក ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មុខបរមរាជវាំងក្នុងខណ្ឌដូនពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍នេះ ពិតជាបានចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ“កម្ពុជា-ជប៉ុន” ឱ្យកាន់តែមានប្រសិទ្ឋភាពនិងប្រកបដោយផ្លែផ្កា។ កម្ពុជានិងជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតទ្វេភាគីរវាងគ្នាចាប់តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។ ផ្តើមចេញពីទំនាក់ទំនងការទូតរយៈពេល ៧០ឆ្នាំ កន្លងទៅនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនិងទីក្រុងសម្ព័ន្ធមេត្រី កាន់តែមានភាពស៊ីជម្រៅ ស្អិតរមួតលើគ្រប់វិស័យ ចាប់តាំងពីកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតដំឡើងដល់កម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០២៣ បន្ទាប់ពីជំនួបកំពូលទ្វេភាគីរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្តីនៃប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ នៅមូលដ្ឋានរាជធានីភ្នំពេញ មិត្តជប៉ុនបានផ្តល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនដែលមាន ដូចជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី១ រហូតដល់ជំហានទី៤, គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក, គម្រោងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យតាមរយៈការផ្ដល់រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួច, គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍, គម្រោងជំនួយក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលជាដើម។ ជប៉ុនបានចូលរួម ក្នុងវិស័យឯកជន ទំហំពាណិជ្ជកម្មកម្ពុជា- ជប៉ុន ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះនៅរាជធានីភ្នំពេញ ក្រុមហ៊ុន ស៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ដែលជាក្រុមហ៊ុនរបស់វិនិយោគិនជប៉ុន បានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍន៍ផ្សារទំនើប ចាប់តាំងពីគម្រោងទី១ រហូតដល់គម្រោងទី៣ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ កម្មវិធីបាញ់កាំជ្រួចអបអរសាទរខូបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន” នាឱកាសនេះ គឺមិនត្រឹមតែធ្វើឡើងដើម្បីអបអរសាទរខូបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនិងខូបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង “កម្ពុជា-ជប៉ុន” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅ និងជាការតភ្ជាប់រវាងប្រជាជននឹងប្រជាជន ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍នៃប្រជាជាតិយើងទាំងពីរ ក្នុងស្មារតីផ្តល់ការឧបត្ថម្ភគាំទ្រ និងការជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ។
លោក អ៊ូអិណូ អាត់ស៊ូស៊ី UENO At sushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា៖ ថ្ងៃនេះ ជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ។
កម្មវិធីនេះធ្វើឡើង ដើម្បីរំលឹកពីខួប មិនត្រឹមតែជាទំនាក់ទំនងរវាងរដ្ឋាភិបាលនឹងរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាទំនាក់ទំនងរវាងក្រុមហ៊ុនឯកជននិងអង្គការនានារបស់ជប៉ុនអោយកាន់តែរឹងមាំថែមទៀត។ថ្ងៃនេះពិតជាបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាង”កម្ពុជា-ជប៉ុន សូមអោយទំនាក់ទំនងនេះកាន់តែរឹងមាំថែមទៀត ៕
ដោយ ៖ សំរិត