ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលនឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មឱ្យបានគ្រប់ ១៥៥០ ឃុំ-សង្កាត់ នៅឆ្នាំ២០២៥ បើអ្នកប្រឡងជាប់ក្របខណ្ឌ ត្រូវបំពេញភារកិច្ចដោយបេះដូង

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មឱ្យបានគ្រប់ចំនួន ១៥៥០ ឃុំ-សង្កាត់ ឱ្យបានត្រឹមឆ្នាំ២០២៥។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ៖ ការដាក់ពង្រាយនោះ នឹងត្រូវបែងចែកជា ៣ ដំណាក់កាល គឺ ២០០ នាក់នៅឆ្នាំ២០២៣, ៨០០នាក់នៅឆ្នាំ២០២៤ និង ៥៥០នាក់ នៅឆ្នាំ២០២៥។ មន្ត្រីទាំងនោះគឺជាមន្ត្រីជាប់កិច្ចសន្យា ដែលមានសញ្ញាបត្រពាក់ព័ន្ធនឹងវិស័យកសិកម្ម មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្ររងឡើងទៅ ឆ្លងកាត់កម្មសិក្សារយៈពេល ១ឆ្នាំ ទើបទទួលបានក្របខណ្ឌ និងទទួលបានបៀវត្សតាមរបបគ្រូបង្រៀន (ដូចជាទទួលបានប្រាក់ឧបត្ថម្ភបេសកកម្ម ១៦ ម៉ឺនរៀលបន្ថែម ក្នុងមួយខែ ជាដើម)។

បើតាមបទអន្តរាគមន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មន្រ្តីទាំងនោះ មានភារកិច្ចស្វែងយល់ពីសកម្មភាពកសិកម្មនិងកសិករ ប្រមូលទិន្នន័យស្ដីអំពីផ្ទៃដីកសិកម្មនិងទិន្នផល សម្របសម្រួលការងារផលិតកម្មស្រូវពូជនិងស្រូវចំណី ផ្ដល់បច្ចេកទេសដល់កសិករ និងសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងការងារផលិតកម្មនិងការប្រមូលទិញ ព្រមទាំងរាយការណ៍ជាប្រចាំពីបញ្ហាប្រឈមផ្សេងៗនិងសំណូមពររបស់កសិករមកក្រសួងដើម្បីពិនិត្យ វាយតម្លៃ និងអន្តរាគមន៍ទាន់ពេលវេលា។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យ បេក្ខជនទាំងអស់ដែលបានប្រលងជាប់ក្របខណ្ឌហើយ ត្រូវបំពេញភារកិច្ចដោយបេះដូងទាំងមូលដើម្បីជួយកសិករ ហើយត្រូវចុះបំពេញការងារនៅមូលដ្ឋាន មិនមែនមានតែឈ្មោះគ្មានវត្តមាននៅមូលដ្ឋានដើម្បីជួយដោះស្រាយបញ្ហាដល់ប្រជាកសិករនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងដូចនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលថ្មី នាថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតីថ្លែងថា៖«ខ្ញុំអំពាវនាវឱ្យបងប្អូនទាំងអស់ដែលដាក់ពាក្យ ដល់បេក្ខជនទាំងអស់ ដែលប្រឡងជាប់ហើយ ទទួលបានហើយសូមបំពេញភារកិច្ចដោយបេះដូងទាំងមូលដើម្បីជួយកសិករ។ យើងយកក្របខណ្ឌមិនមែនដើម្បីតែយកប្រាក់ខែ បានក្របខណ្ឌទេ តែយើងយកដើម្បីបានធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ជាមួយប្រទេសជាតិយើង តាមរយៈការប្រឹងប្រែងយកជំនាញ និងជួយទៅដល់កសិកររបស់យើង និងកសិកម្មរបស់យើង»។

សម្តេចបានគូសបញ្ចាក់ទៀតថា មន្រ្តីដែលប្រឡងជាប់យកក្របខណ្ឌមិនមែនដើម្បីតែយកប្រាក់ខែ បានក្របខណ្ឌនោះទេ តែត្រូវចុះតាមមូលដ្ឋានធ្វើការជាមួយប្រជាពលរដ្ឋ តាមរយៈការប្រឹងប្រែងយកជំនាញ និងជួយទៅដល់កសិករ និងកសិកម្មកម្ពុជា៕

គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងកសិកម្ម រៀបចំនីតិវិធីការប្រឡងជ្រើសរើសមន្ត្រីរាជការជំនាញកសិកម្មប្រមាណ១៦០០នាក់ ដើម្បីដាក់ពង្រាយបម្រើការនៅតាមឃុំ សង្កាត់នានា ដើម្បីជួយតម្រង់ផ្លូវកសិករធ្វើដំណាំឱ្យត្រឹមត្រូវតាមស្តង់ដា ធន់នឹងការប្រែប្រួលអាកាសធាតុ និងស្រួលងាយរកទីផ្សារនាំចេញដែលបានតម្លៃខ្ពស់៕

ដោយ ៖ សហការី


ចែករំលែក៖