ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​៖ ក្នុងរយៈពេល៣ខែនេះ​ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយជាអាទិភាពចំនួន៥ ឱ្យ​អនុវត្ត​សម្រាប់​អាណត្តិ​ទី៧​

ចែករំលែក៖

ភ្នំពេញ៖ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែង​ថា ក្នុងរយៈពេល​៣ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយជាអាទិភាពចំនួន៥ ឱ្យ​អនុវត្ត​សម្រាប់​អាណត្តិ​ទី៧នេះ ​ដោយ​កម្មវិធី​នយោបាយ​ទាំង៥នេះ ​គឺដើម្បីលើកសេដ្ឋកិច្ច​ សុខុមាលភាព វិស័យអប់រំ ​នៅកម្ពុជាឲ្យកាន់តែល្អប្រើសើរបន្ថែមទៀត។​ ការថ្លែង​បែបនេះ​របស់​សម្ដេច​ធិបតី​ នៅក្នុងឱកាសអញ្ជើញ​ជាអធិបតីភាពក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេសកម្ពុជា ​ឆ្នាំ២០២៣ ​ស្តីពី «ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ២០៣០​ និង​ឆ្នាំ​បន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ា​សម្រាប់វិបុលភាព​ប្រកប​ដោយ​ភាពធន់ និរន្តរភាពនិងបរិយាប័ន្ន» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ ​

សម្តេចធិបតី ហ៊ុន ម៉ាណែត ​ថ្លែងបន្តថា កម្មវិធីនយោបាយជាអាទិភាពចំនួន៥ ដែលឱ្យអនុវត្ត​សម្រាប់​អាណត្តិទី៧នេះ គឺធ្វើឡើង​តាមរយៈការពង្រឹង​ វិសាលភាពមូលនិធិសមធម៌ សុខាភិបាល ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដល់ក្រុមគ្រួសារក្រីក្រ​ និងការពង្រីក​វិសាលភាព​មន្រ្តីជំនាញ​ផ្នែក​កសិកម្មនៅតាម​មូលដ្ឋាន​ពោល​គឺនៅតាមឃុំ-សង្កាត់ជាដើម។

សម្ដេចធិបតី​ ថ្លែង​​ថា​ រាជរដ្ឋាភិបាល​  ក៏បានដាក់ចេញនូវការរៀបចំ​ នៃ​កិច្ច​ដំណើរការ​របស់អាជ្ញាធរជាតិ​ដោះស្រាយ​វិវាទ​នៅ​ក្រៅ​ប្រព័ន្ធតុលាការ។

ជាមួយគ្នានេះ​ សម្ដេច​ធិបតី​ ថ្លែងថា​ រាជរដ្ឋាភិបាលក៏បាន រៀបចំ​គណៈកម្មការជាតិមួយចំនួន​ផងដែរ ​ក្នុងនោះ​គណៈកម្មការជាតិជំរុញការ​កែ​ទម្រង់​សេវា​សាធារណៈ, គណៈកម្មការជាតិជំរុញការអនុវត្តវិធាន​គន្លឹះ​ក្នុង​វិស័យអប់រំ, និង​គណៈកម្មការជាតិ​ជំរុញ​ការអនុវត្តវិស័យ​គន្លឹះ​ក្នុង​វិស័យសុខាភិបាល៕

ដោយ​៖ សហការី​


ចែករំលែក៖