ខេត្តកំពង់ឆ្នាំង ៖ ជាគំរូល្អរបស់ពលរដ្ឋ ហើយជំនាញរដ្ឋបាលជលផល លើកទឹកចិត្តក៏ជា ភារកិច្ចដ៏មានសារសំខាន់បំផុត ។
សូមបញ្ជាក់ថា៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរ ចំពោះលោក ឆេង ឃា នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានលែងប្រភេទត្រីគល់រាំង១ក្បាល ទម្ងន់៨,៥០គីឡូក្រាម ប្រវែង០,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះជាសកម្មភាពដ៏ប្រពៃក្នុងការចូលរួមអភិរក្សប្រភេទត្រីជិតផុតពូជ។
រដ្ឋបាលខណ្ឌជលផល បានថ្លែងអំពាវនាវដល់បងប្អូនអ្នកនេសាទយើង មេត្តាចូលរួមថែរក្សានិងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលបងប្អូននេសាទបាន ដើម្បីថែប្រភេទពូជត្រីទាំងនេះសម្រាប់កូនចៅជំនាន់ក្រោយ៕
ដោយ ៖ សហការី