អង្គការសហប្រជាជាតិបានរៀបចំព្រឹត្តិការណ៍មួយដើម្បីអបអរសាទរទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅថ្ងៃទី 29 ខែវិច្ឆិកា ក៏ដូចជារៀបចំកិច្ចប្រជុំកម្រិតខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខស្តីពីជម្លោះបច្ចុប្បន្នរវាងអុីស្រាអែល នឹងក្រុមហាម៉ាស់ ក៏ដូចជាភាពតានតឹងនាពេលបច្ចុប្បន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា។
ក្នុងកិច្ចប្រជុំនោះដែរ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនពរចំពោះមហាសន្និបាតលើកនេះ។ លោក Xi Jinping បានលើកឡើងថា បញ្ហាប៉ាឡេស្ទីនជាបញ្ហាស្នូលនៃបញ្ហាមជ្ឈិមបូព៌ា ដែលពាក់ព័ន្ធនឹងសច្ចយុត្តិធម៌អន្តរជាតិ។ គន្លឹះនៃការប៉ះទង្គិចគឺនៅត្រង់ប្រជាជនប៉ាឡេស្ទីននៅតែមិនអាចសម្រេចបាននូវសិទ្ធិប្រជាជាតិស្របច្បាប់ ដែលបង្កើតរដ្ឋដោយឯករាជ្យ។ មេរៀនដ៏ឈឺចាប់នៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននឹងអុីស្រាអែល ចេះតែកើតឡើងជ្រាំដែលៗ បានបង្ហាញយ៉ាងពេញលេញថា ទាល់តែប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខរួម ទើបអាចសម្រេចបាននូវសន្តិសុខជានិរន្តរភាព។ សហគមន៍អន្តរជាតិគួរតែប្រញាប់ឡើង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែរ៉ាប់រងទំនួលខុសត្រូវយ៉ាងប្រាកដប្រជា ខិតខំអស់ពីលទ្ធភាព ដើម្បីជំរុញឱ្យឈប់បាញ់គ្នា ការពារសុវត្ថិភាពរបស់ជនស៊ីវិល និងទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌។ ឈរលើមូលដ្ឋាននេះ ចាប់ដំណើរការឡើងវិញនូវការចរចា ដោយសន្តិភាពរវាងប៉ាឡេស្ទីននឹងអុីស្រាអែលក្នុងពេលឆាប់ៗ ដើម្បីសម្រេចបាននូវសិទ្ធិបង្កើតរដ្ឋ សិទ្ធិរស់រានមានជីវិតនិងសិទ្ធិវិលត្រឡប់មកវិញ របស់ប្រជាជនប៉ាឡេស្ទីនក្នុងពេលឆាប់ៗ។
លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា ជានិច្ចកាលប្រទេសចិនបានគាំទ្រយ៉ាងមុតមាំ ចំពោះបុព្វហេតុយុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីនដើម្បីស្តារសិទ្ធិស្របច្បាប់របស់ប្រជាជាតិប៉ាឡេស្ទីនឡើងវិញ។ ដំណោះស្រាយជាឫសគល់ចំពោះបញ្ហាប៉ាឡេស្ទីន គឺនៅត្រង់ការបង្កើតរដ្ឋប៉ាឡេស្ទីនដែលយកបន្ទាត់ព្រំដែនឆ្នាំ១៩៦៧ ជាមូលដ្ឋាន យកក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី មានអធិបតេយ្យភាព និងឯករាជ្យភាពពេញលេញ។ តម្រូវការខាងជីវភាពរស់នៅរបស់ប៉ាឡេស្ទីនគួរតែទទួលបានការធានា សហគមន៍អន្តរជាតិគួរតែផ្តល់ជំនួយបន្ថែម ខាងការអភិវឌ្ឍនិងមនុស្សធម៌ដល់ប៉ាឡេស្ទីន។ គួរតែប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវនៃការចរចាដោយសន្តិវិធី និងបើកធ្វើកិច្ចប្រជុំអន្តរជាតិដែលកាន់តែប្រកបដោយកិត្យានុភាពក្នុងពេលឆាប់ៗ៕ ដោយ៖ ធីរីណា
រូបថត៖ vnews