ប្រទេសឡាវ ៖ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅល្ងាចថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសុវត្ថិភាពក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលសភាCLV លើកទី១ នៅទីក្រុងវៀងចន្ទន៍។
នៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងវៀងចន្ទន៍ គណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម Sanya Praseuth ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាឡាវ និងវត្តមានរបស់ ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ និងសហការី ជាច្រើននាក់។
នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងអញ្ជើញជួប សម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ការជួបសម្តែងការគួរសមជាមួយ លោក THONGLOUN Sisoulith ប្រធានរដ្ឋឡាវ ឯកឧត្តម SONEXAY Siphandone នាយករដ្ឋមន្ត្រីឡាវ និងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម SAYSOMPHONE Phomvihane ប្រធានរដ្ឋសភាឡាវ និងគ្រោងទទួលជួបសំណេះសំណាលជាមួយនិសិ្សតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវផងដែរ។ ក្នុងពេលនៃដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយភាគីឡាវ មួយចំនួនទៀតផងដែរ។
ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលមានរដ្ឋសភាឡាវ ធ្វើជាម្ចាស់ ផ្ទះ ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បន្តទៀត៕
ដោយ ៖ សិលា