ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពេទ្យជាមួយនឹងរថយន្តមិនចាំម៉ាកបណ្តាលឱ្យរថយន្តពេទ្យក្រឡាប់ផ្ងារជើង ខណៈមានអ្នកជំងឺនៅក្នុងរថយន្ត(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ ទុក្ខជាន់លើទុក្ខហើយ! ឈឺធ្ងន់ លើកដាក់លើឡានពេទ្យយកទៅសង្គ្រោះបន្ទាន់ ហើយខណៈកំពុងធ្វើដំណើរឡានពេទ្យបានបុកគ្នាជាមួយរថយន្តមិនចាំម៉ាកធ្វើឱ្យក្រឡាប់ឡានពេទ្យ ត្រូវសង្គ្រោះអ្នកជំងឺចេញពីឡានក្រឡាប់ដាក់ឡានពេទ្យមួយទៀតយកទៅសង្គ្រោះឱ្យទាន់ពេលវេលា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៨៤ ត្រង់ចំណុចភ្លើងស្តុបរោងកុនលុច្ស ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូន ពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ស្តង់ដារTK ពាក់ស្លាកលេខ ភ្នំពេញ 2BB-7023 ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងខណៈត្រូវផ្ទេរអ្នកជំងឺចេញពីពេទ្យរបស់ខ្លួនយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត លុះបើកបរមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១៨៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបានជ្រុល មកបុករថយន្តពេទ្យដឹកអ្នកជំងឺនោះ ពេញទំហឹងបណ្ដាលឱ្យរថយន្តពេទ្យក្រឡាប់ផ្ងារជើង បន្ទាប់មករថយន្តបង្កមិនចាំម៉ាក់នោះបានធ្វើដំណើរគេចពីទីតាំងកើតហេតុបាត់ស្រមោលទៅ។

ក្រោយពេលកើតហេតុអ្នកជំងឺត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតមកទទួលយកទៅសង្គ្រោះបន្ទាន់ផងដែរ ចំណែករថយន្តពេទ្យត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោកចុះមកធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីស្វែងរករថយន្តបង្កចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖