ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែក ហ្វីលីពីនដាក់ឱ្យយោធាប្រុងជើងការខ្ពស់

ចែករំលែក៖

សារព័ត៌មាន Reutersបានផ្សាយថា កងកម្លាំងហ្វីលីពីនត្រូវបានដាក់ឱ្យស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់នៅថ្ងៃអាទិត្យទី៣ ខែធ្នូនេះ បន្ទាប់ពីមានការវាយប្រហារបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស៤នាក់និងមនុស្សជាច្រើននាក់ទៀតរងរបួស អំឡុងពិធីជួបជុំមួយរបស់អ្នកកាន់សាសនាគ្រឹស្ត នៅឯសាលកីឡានៃសាកលវិទ្យាល័យមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេស។

អាជ្ញាធរហ្វីលីពីនបានចាត់ទុកការវាយប្រហារបំផ្ទុះគ្រាប់បែកនេះជាទង្វើភេរវកម្ម។ ចំណែកលោកប្រធានាធិបតី Ferdinand Marcos Jr ក៏បានថ្កោលទោស ចំពោះការវាយប្រហារនេះដែរ។ លោក Marcos បានលើកឡើងដូច្នេះថា «ខ្ញុំថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដ៏សាហាវព្រៃផ្សៃនេះដែលប្រព្រឹត្តដោយពួកភេរវករបរទេស។ ពួកជ្រុលនិយមដែលប្រព្រឹត្តហិង្សាប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់គឺជាសត្រូវនៃសង្គមរបស់យើង»។

គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះបានកើតឡើងអំឡុងពិធីជួបជុំមួយរបស់អ្នកកាន់សាសនាគ្រឹស្ត នៅឯសាលកីឡាសាកលវិទ្យាល័យ Mindanao State University ក្នុងទីក្រុង Marawi។ ទីក្រុង Marawi នេះហើយធ្លាប់ត្រូវបានឡោមព័ទ្ធដោយក្រុមសកម្មប្រយុទ្ធអស់រយៈពេលជាង៥ខែ កាលពីឆ្នាំ២០១៧ ហើយសាកលវិទ្យាល័យបានសម្រេចបិទទ្វារជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

ការវាយប្រហារនេះទៀតសោត កើតមានឡើងក្រោយអាជ្ញាធរហ្វីលីពីន កាលពីថ្ងៃសៅរ៍ ទី២ ខែធ្នូ បាននិយាយថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ១១នាក់ ក្នុងនោះរួមមានទាំងសមាជិកមកពីក្រុមសកម្មប្រយុទ្ធ ដាវឡាស អ៉ីស្លាមីយ៉ាស-ហ្វីលីពីន (Dawlah Islamiyah-Philippines) ដែលមានទំនាក់ទំនងជាមួយក្រុម ISIS នៅក្នុងប្រតិបត្តិការយោធាមួយកាលពីថ្ងៃសុក្រ ក្នុងខេត្ត Maguindanao del Surj៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖