ភ្នំពេញ ៖ ថ្ងៃស្អែក លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ស្ដីពី«ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣»។ នេះបើយោងតាមការបញ្ជាក់ពី ក្រសួងមុខងារសាធារណះ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំសន្និសីទសារព័ត៌មានរួមគ្នា ស្ដីពី«ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងផ្តល់វឌ្ឍនភាពព័ត៌មានអំពីដំណើរការរៀបចំ និងនីតិវិធីឆ្ពោះទៅកាន់ថ្ងៃប្រឡងជូនដល់បេក្ខជន និងសាធារណជន។
សូមបញ្ជាក់ថា ៖ សូមតាមដានខ្លឹមសារព័ត៌មានលើបណ្តាញផ្សព្វផ្សាយរបស់ក្រសួងមុខងារសាធារណៈ និងបណ្តាញផ្សាយរបស់អង្គភាពសារព័ត៌មាននានា។
សូមជម្រាបថា ៖ កាលពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាជាមួយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងសហប្រតិបត្តិការនៅក្នុងដំណើរការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល។
ក្នុងពេលកន្លងមក រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈធ្លាប់បានបង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តអនុវត្តកំណែទម្រង់លើការប្រឡងជ្រើសរើសមន្ត្រីរាជការនេះរួចហើយ។ លោក ហ៊ុន ម៉ានី ថ្លែងយ៉ាងដូច្នេះថា៖«មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព។»។ សារនេះត្រូវបានសាទរយ៉ាងខ្លាំងពីសាធារណៈជន៕
ដោយ ៖ សិលា