ព័ត៌មានទាន់ហេតុការណ៍៖

ករណីរថយន្តដឹកថ្មម៉ាបនៅតែមានករណីធ្លាក់លើផ្លូវដដែល ពេលនេះធ្លាក់ចំក្មេងស្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តក្រចេះ ៖ រថយន្តធុនធំដឹកថ្មម៉ាបមិនប្រយ័ត្នបានធ្លាក់លើផ្លូវជាតិជាញឹកញាប់ដែលជាករណីដដែលៗ ដោយសារសមត្ថកិច្ចជំនាញលើដងផ្លូវនិងអាជ្ញាធរនៅតែមានការធូររលុងទើបហេតុការណ៍នោះនៅតែកើតមាន។

ខណៈនេះដែរក៏មានថ្មម៉ាបមួយដុំធំទម្ងន់ប្រមាណជា៣០តោនបានធ្លាក់ចេញពីរថយន្តមួយគ្រឿងបណ្ដាលឱ្យត្រូវចំកូនក្មេងរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរហើយក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។ 

ហេតុការណ៍គ្រោះថ្ថាក់បង្កឡើងដោយដុំថ្មម៉ាបធ្លាក់ចេញពីរថយន្តត្រូវចំកូនក្មេងនោះបានកើតឡើងនៅវេលាម៉ោង ១០ៈ៣០នាទី ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៣នៅត្រង់ចំណុចភូមិកាប៉ូមួយសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់នោះម៉ាកវ៉េអងពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 3F-2307 ហើយសណ្តោងរ៉ឺម៉កពាក់ស្លាកលេខភ្នុំពេញ៤A-៨៩៦០បើកបរពីលិចទៅកើត ហើយគ្រោយកើតហេតុអ្នកបើករថយន្តបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់។ 

ប្រភពបន្តថា រថយន្តនោះមកដល់ចំណុចកើតហេតុបានរេចង្កូតមកកៀរប៉ះចំក្មេងស្រីឈ្មោះ វឿន ស៊ូយ៉ុង អាយុ៥ឆ្នាំរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

រថយន្តដឹកថ្មម៉ាបនោះកន្លងមកក៏តែងតែធ្លាក់ថ្មជាញឹកញាប់ដោយមិនមានការប្រុងប្រយ័ត្នចងខ្សែរឹតឱ្យបានត្រឹមត្រូវនោះទេ។

រដ្ឋបាលខេត្តនិងមន្ត្រីជំនាញក៏ធ្លាប់បានកោះហៅក្រុមប្រកបអាជីវកម្មដឹកថ្មម៉ាបទាំងអស់នោះមកអប់រំណែនាំដែរ តែទោះជាយ៉ាងណាក៏នៅតែមានការធ្វេសប្រហែសដដែល ទើបនៅមានករណីនេះកើតឡើងដដែល៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖