ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១ ក្រោមប្រធានបទ ការអនុវត្តវេជ្ជសាស្ត្រឱ្យបានល្អប្រសើរ ។
សូមបញ្ជាក់ថា ៖ នាថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង៤:៣០រសៀល លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១ក្រោមប្រធានបទ ការអនុវត្តវេជ្ជាសាស្ត្រឱ្យបានល្អប្រសើរ ដែលរៀបចំឡេីងនៅសណ្ឋាគារភ្នំពេញ។
លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី សូមធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំអោយមានសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដ៏មានសារ:សំខាន់នេះឡេីង។
ឆ្លៀតក្នុងឱកាសដ៏ល្អនេះផងដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ជូនដល់អង្គសន្និសីទនូវគន្លឹះសំខានៗសម្រាប់ជាបទពិសោធន៍ដេីម្បីអោយអនុវត្តការងារមានប្រសិទ្ធិភាពដូចខាងក្រោម៖
-កុំតូចចិត្ត ឫអន់ចិត្តអ្វីបើគេមិនទាន់ស្គាល់យើង ត្រូវសួរខ្លូនឯងថាតើយើងបានធ្វើអី្វល្អៗ ដែលឱ្យគេស្គាល់ហើយឫនៅ?
-ដើម្បីវិនិច្ឆ័យទៅលើនរណាម្នាក់ គេត្រូវស្វែងយល់ទៅលើគុណភាពការងាររបស់បុគ្គលនោះ
-រាល់ការងារថ្មីៗ ត្រូវរៀនសូត្រអោយបាន រយៈមួយយូរគ្រប់គ្រាន់ជាបទពិសោធន៍ និងបង្កើតអោយបានជាទម្លាប់ល្អ
-គុណតម្លៃថ្លៃថ្លាយូរអង្វែង បានដោយការលះបង់ពិតប្រាកដ ដោយបម្រើផលប្រយោជន៍មនុស្សទូរទៅ (លើសអំពីប្រយោជន៍បុគ្គលខ្លួបម្នាក់) និងមិនមែនដោយការដោះដូរបានភ្លាមនោះទេ
-យកការគិត(គំនិត) និងពេលវេលា ជាដើមទនដើម្បីសម្រេចបានជោគជ័យក្នុងវិជ្ជាជីវៈខ្លួន។
លោកសាស្រ្តារដ្ឋមន្រ្តី ក៏បានលើកយកនូវចំណុច ដើម្បីក្លាយជាគ្រូពេទ្យល្អ ត្រូវចេះលះបង់ និងត្រូវផ្តើមចេញពីខ្លួនឯងល្អជាមុនសិន ទើបអាចក្លាយជាគ្រូពេទ្យម្នាក់ល្អបាន។ បន្ថែមពីនេះគឺ ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ ត្រូវខិតខំបម្រើសេវាឱ្យអ្នកជំងឺទុកចិត្ត ត្រូវចេះឈឺឆ្អាលជាមួយអ្នកជំងឺ ចូលរួមសោកស្តាយពេលអ្នកជំងឺមិនអាចជួយសង្រ្គោះបាន និងគិតអំពីផលលំបាករបស់អ្នកជំងឺនិងក្រុមគ្រួសារគាត់។
សូមគូសរំលេចដែរថា ក្រុមគ្រូពេទ្យ TYDA បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ក្នុងការបង្ខិតសេវាសុខភាពសាធារណៈឲ្យកាន់តែគៀកដល់បងប្អូនប្រជាពលរដ្ឋ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។ ជាពិសេសបានចូលរួមសកម្មភាពផ្តល់សេវាសុខភាពជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាលរដ្ឋ ដល់ទីកន្លែង និងតាមទីជនបទដាច់ស្រយាលនានា។ លេីសពីនេះក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៍ដូចជាផ្ដល់ឱកាសដល់ប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដ៍ទៃទៀត ក្នុងការចូលរួមបម្រេីការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់សាស្ត្រាចារ្យ សាស្ត្រាចារ្យរង សាស្រ្តាចារ្យជំនួយ ដែលអញ្ជើញមកពីបណ្តាមន្ទីរពេទ្យជាតិ បានដែលបានចូលរួមធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធន៍ល្អៗ ជូនដល់សមាជិកក្រុមគ្រូពេទ្យ TYDA ៕
ដោយ ៖ សិលា