ព័ត៌មានទាន់ហេតុការណ៍៖

រងរបួសធ្ងន់ស្រាលមនុស្ស៤នាក់បន្ទាប់ពីម៉ូតូបុកគ្នានៅក្រុងឧដុង្គម៉ែជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាលបន្ទាប់ពីជិះម៉ូតូបុកគ្នានៅលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ០០-០១ ត្រង់ចំណុចភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី៣ខែធ្នូឆ្នាំ២០២៣។

    សមត្ថកិច្ចក្រុងឧដុង្គម៉ែជ័យបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM 125CC ពណ៌ខ្មៅ​ ពាក់ស្លាកលេខកណ្ដាល1AH-8631 អ្នកបើកបរឈ្មោះ សុន មេសា ភេទប្រុស​ អាយុ​១៧ឆ្នាំ និងអ្នករួមដំណើរឈ្មោះចន ភា ភេទប្រុស អាយុ១៩ឆ្នាំ ទាំងពីរនាក់រស់នៅភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល   បើកបរពីទិសខាងជេីងទៅទិសខាងត្បូងពេលមកដល់ចំណុចកើតហេតុបានឡើងវ៉ាជែងចូលចំណែកផ្លូវម្ខាងទៀត រួចងាកចង្កូតមកខាងឆ្វេងដៃបានបុកម៉ូតូមួយគ្រឿងទៀតម៉ាកHONDA CLICK 125CC ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ1AR-6916 អ្នកបើកបរឈ្មោះកើត សីហា ភេទប្រុស អាយុ​២៩ឆ្នាំ រស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងអ្នករួមដំណើរឈ្មោះធូ សារ៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិថ្មឥដ្ឋ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងត្បូងទៅទិសខាងជើងបានបុកគ្នាពេញទំហឹងបណ្តាលឱ្យមនុស្សទាំង៤នាក់រងរបួសធ្ងន់និងស្រាល។

   សមត្ថកិច្ចបានបន្តទៀតថា អ្នករងរបួសធ្ងន់ឈ្មោះចន ភា និងរងរបួសស្រាល០៣នាក់ប្រុស(ឈ្មោះសុន មេសា, កើត សីហា, ធូ សារ៉ាត់)។

    ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែង ចំណែកអ្នករងរបួសទាំងបួននាក់ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកឧដុង្គម៉ែជ័យ។

   ចំពោះវត្ថុតាងម៉ូតូពីរគ្រឿងខាងលើជំនាញបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលវាំងចាស់រង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖