ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៣ កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាពដោយស្មើមុខស្មើមាត់នៅលើឆាកអន្ដរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះដោយជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តជំរុញការលើកកម្ពស់ និងចាត់ទុក វិស័យពិការភាព ជាការងារអាទិភាព ហើយ រាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ ដើម្បីធានាឧត្តមប្រយោជន៍ជូនជនមានពិរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះ រួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មរតកនៃសង្គ្រាមក៏បានបន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយពាសពេញផ្ទៃប្រទេស ជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមីដែលបានរកឃើញជាច្រើននៅកម្ពុជា។ ក្រៅពីនោះ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀតដែលនាំឱ្យមានពិការភាព ដូចជាគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ ការងារ ពិការភាពពីកំណើតចាស់ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត៕
ដោយ ៖ សិលា