ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង

ចែករំលែក៖

ប្រទេសឡាវ ៖ នៅក្នុងឱកាសអមដំណើរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ លោកសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Vongsack Phanthavon ប្រធានគណ:កម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាឡាវ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាឡាវ-កម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រុមមិត្តភាពរដ្ឋសភានៃប្រទេស​ទាំង​ពីរឱ្យកាន់តែស៊ីជម្រៅឡើង។ សមភាគីទាំងពីរបានប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីនាំមក​នូវ​ផលប្រយោជន៍ក្នុង​វិស័យ​អភិវឌ្ឍន៍​ធនធាន​មនុស្ស សន្តិសុខ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ ជា​ពិសេស ប្រជាជនដែល​នៅជាប់ព្រំដែនជាមួយគ្នា។ 

សមភាគីកម្ពុជា-ឡាវ​បាន​លើក​ឡើង​ពី​ការ​ខិតខំ​ផ្តល់អាហារូបករណ៍ជូន​ដល់​សិស្ស និស្សិត​នៃ​សភា​ទាំង​ពីរ ក៏​ដូច​ជា​ប្រទេសទាំងពីរឱ្យ​បាន​កាន់​តែ​ច្រើនថែម​ទៀត​ រួម​ទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការទប់ស្កាត់ចរាចរណ៍គ្រឿងញៀននៅតាមតំបន់ព្រំដែនទៀត​ផង។ ឆ្លៀតនៅក្នុងឱកាសនោះ លោក  Vongsack Phanthavon បានថ្លែងអំណរគុណចំពោះក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ដែលបានផ្តល់អាហាររូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ ឱ្យបានមកសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅក្នុងប្រទេសម្ពុជា សរុបក្នុងមួយឆ្នាំមានចំនួន១០នាក់ នៅក្នុងនោះ មាន៥នាក់បានសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិកម្ពុជា។ 

ជាមួយគ្នានេះ លោកសន្តិបណ្ឌិត ឡូយ សុផាត បានសម្តែងក្តីរីករាយ ដោយ​ឃើញប្រទេសឡាវកំពុងតែពង្រីកបាន​យ៉ាង​លឿន​នូវហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារកម្ម ដែលនឹងជម្រុញ​ដល់ការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសឡាវមកកាន់កម្ពុជា ដើម្បីជាប្រយោជន៍បម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងធ្វើ​ឱ្យ​ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរមានការរីកចម្រើនទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖