ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ព័ត៌មាន​ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ និង៤៥ នៃការរស់ឡើងវិញនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ព័ត៌មាន​ នៅព្រឹកថ្ងៃ​ទី០៤​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានសេចក្តីប្រកាសព័ត៌មានស្តីពីការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ និង៤៥ នៃការរស់ឡើងវិញនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ 

*១៩៧៨-២០២៣៖ រយៈពេល ៤៥ឆ្នាំ នៃការរស់ឡើងវិញនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)​ ដែលមានឈ្មោះដើមថា៖ សារព័ត៌មានកម្ពុជា ហៅកាត់ថា SPK​ 

*១៩៧៨-២០២៣៖ រយៈពេល ៤៥ឆ្នាំ នៃការរស់ឡើងវិញនៃវិទ្យុជាតិកម្ពុជា (RNK) ដែលមាន ឈ្មោះដើមថា៖ វិទ្យុសំឡេងប្រជាជនកម្ពុជា

*១៩៨៣-២០២៣៖ រយៈពេល ៤០ឆ្នាំ នៃការបង្កើតឡើងនៃទូរទស្សន៍ជាតិកម្ពុជា(TVK)

ដើម្បីរំលឹកខួបអនុស្សាវរីយ៍នៃការរស់ឡើងវិញនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទូរទស្សន៍ និងវិទ្យុជាតិ កម្ពុជា ក្រសួងព័ត៌មានបានរៀបចំពិធីជួបជុំសំណេះសំណាលនិងពិសារអាហារសាមគ្គី ក្រោមអធិបតីភាពរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្រោមឱវាទក្រសួង ជាពិសេសបានបង្កឱកាសដល់អតីតមន្ត្រីក្រសួង ដែលបានចូលនិវត្តន៍ ឲ្យបានមកចូលរួមប្រារព្ធការអបអរសាទរ និងបានរំលឹកអនុស្សាវរីយ៍ចាស់ៗទាក់ទង នឹងការបំពេញភារកិច្ចការងារក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលមានអាយុ៤០ឆ្នាំសម្រាប់ទូរទស្សន៍ជាតិ និង៤៥ឆ្នាំ សម្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងវិទ្យុជាតិ។ ពិធីនេះបានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និង បរិយាកាសសប្បាយរីករាយនារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរ ជាតិជ្រោយចង្វារ (CCIC) រាជធានីភ្នំពេញ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត និងសមត្ថភាព ដើម្បីបម្រើឲ្យវិស័យព័ត៌មានកម្ពុជា ទាំងក្នុងអតីតកាល បច្ចុប្បន្ន និងទៅអនាគត។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖«ខ្ញុំសូមឧទ្ទិសស្មារតីថ្ងៃ និងប្រជាពលរដ្ឋគ្រប់រូប ហើយសូមឲ្យចងចាំជានិច្ចនូវគុណូបការៈរបស់ឥស្សរជនទាំងអស់ក្នុងការបូជា លះបង់ ទាំងកំលាំងកាយចិត្ត និងខ្លះបានពលីជីវិតដើម្បីបុព្វហេតុការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចាប់តាំងពីថ្ងៃព័ត៌មាន ការសន្ទនាមតិ និងកម្មវិធីសិល្បៈកំសាន្តជាច្រើនផ្សេងទៀត ដែលបានបង្កើនការផ្ដល់ព័ត៌មានជូន ប្រជាពលរដ្ឋអ្នកស្តាប់ អាន និងទស្សនា តាមការផ្សាយជាសំឡេង អត្ថបទ ព្រមទាំងសោតទស្សន៍ឱ្យស្រប តាមការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ក្រសួងព័ត៌មានបានពង្រីក ការផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រ និងកម្មវិធីក្នុងទូរស័ព្ទដៃបានយ៉ាងទូលំទូលាយថែមទៀតផង។

នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងព័ត៌មានបានកំណត់នូវចក្ខុវិស័យក្នុងការប្រែក្លាយខ្លួន ឲ្យទៅជាស្ថាប័នកិច្ចការងារសាធារណៈរបស់រាជរដ្ឋាភិបាល។ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋគ្រប់ប្រភេទ ជាពិសេស ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទូរទស្សន៍និងវិទ្យុជាតិកម្ពុជា ទស្សនាវដ្ដី ព្រមទាំងគេហទំព័ររបស់ក្រសួង ព័ត៌មាន បាននិងកំពុងពង្រឹង និងពង្រីកវិសាលភាពផ្សាយប្រកបដោយគុណភាព លើកកម្ពស់ស្តង់ដាវិជ្ជាជីវៈ ដោយប្រកាន់ខ្ជាប់នូវអភិក្រមក្នុងការផ្សព្វផ្សាយព័ត៌មាន ថ្មី ពិត លឿន និងទូលំទូលាយ ហើយរួមចំណែក ក្នុងការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានក្លែងក្លាយ។ ជាងនេះទៀត ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា បាន និងកំពុងរួមគ្នាធ្វើទំនើបកម្ម ដើម្បីដើរតួឈានមុខទាំងលើគុណភាពខ្លឹមសារ ការផលិត និងការផ្សាយ និងកសាងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ស្របពេលដែលត្រូវបានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានគាំទ្រ និងផ្តល់អាទិភាពសម្រាប់ការផ្តល់ព័ត៌មានជូនដល់ប្រជាជននៅទូទាំងប្រទេស និងនៅលើពិភពលោក ហើយរួមចំណែកយ៉ាងសកម្មក្នុងចូលរួមអភិវឌ្ឍន៍ និងពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

សូម​អានព័ត៌មាន​លម្អិត​នៅក្នុង​សេចក្ដីប្រកាសព័ត៌មាន​ខាងក្រោមនេះ​៖

ដោយ៖ សហការី


ចែករំលែក៖