ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ គោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ​ បា​នអញ្ជើញប្រកាស​ដាក់​ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោល​នយោ​បាយ​អាទិ​ភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាស​ដាក់ឱ្យអនុវត្តន៍​នៅក្នុង​ឆ្នាំ២០២៣នេះ។

សូមជម្រាបថា​ រាជរដ្ឋាភិបាលនីតិកាលថ្មី​ បានចាប់ផ្តើម​ដំណើររបស់ខ្លួនដោយផ្តល់ការគិតគូរខ្ពស់ចំពោះសុខភាព និង​ជីវ​ភាព​របស់ប្រជាពលរដ្ឋ។ ឆ្លើយតបនឹងការគិតគូរនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ា​ណែត បានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦ តម្រូវឱ្យអនុវត្តន៍បន្ទាន់ក្នុងឆ្នាំ២០២៣នេះ។ ក្នុងនោះគោលនយោបាយអាទិភាពចំនួន៥ ត្រូវបានដាក់ឱ្យអនុវត្តន៍ជាបន្តបន្ទាប់រួចរាល់ហើយ ដោយ​ឡែក​គោលនយោបាយអាទិភាពពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាកម្មវិធីដែលដាក់ឱ្យអនុវត្តន៍​ចុងក្រោយគេ។

ការកសាងប្រព័ន្ធគាំពារសង្គម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, សមហរណ និងស្វ័យប្រវត្តិកម្ម មានសារៈសំខាន់ក្នុងការទ្រទ្រង់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសក្នុងពេលមានគ្រោះអាសន្ន ឬវិបត្តិ អនុ​លោមតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, រាជរដ្ឋាភិបាលបានដាក់ឱ្យ​អនុ​វត្តកម្មវិធី ជំនួយសង្គមមួយចំនួន ដើម្បីផ្ដល់ការគាំពារដល់ស្ត្រីមានផ្ទៃពោះ, កុមារតូច និងជនមាន​ពិការ​ភាពក្រីក្រតាម សហគមន៍គោលដៅនានា។

ដើម្បីឆ្លើយតបនឹងគ្រោះអាសន្ន, រាជរដ្ឋា​ភិបាលកម្ពុជា​ ក៏បានដាក់ឱ្យដំណើរការកម្មវិធីជំនួយ​សង្គម​ពិសេស ដែលរួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធ​នឹងជំងឺកូវីដ-១៩ (កំពុងបន្ត), កម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្រោយពេលបិទខ្ទប់ទ្រង់ទ្រាយធំ (បានបិទ បញ្ចប់) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ និង ពីសម្ពាធអតិផរណា (បានបិទបញ្ចប់ផងដែរ)។

ក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលនឹងបញ្ចប់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាជំហានៗ ចាប់ពីខែមករា ឆ្នាំ២០២៤ និងផ្អែកតាម​ឧត្ត​មានុវត្តជាអន្តរជាតិ, ការបន្តទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះទាំងនេះ នៅតែមាន​ភាព​ចាំបាច់។ លើសពីនេះ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក៏បានចង្អុលបង្ហាញឱ្យរៀបចំ ក្រប​ខណ្ឌ​កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាការប្រមូលផ្ដុំកម្មវិធីជំនួយ​សង្គមមាន​លក្ខណៈ​ជាការឧបត្ថម្ភសាច់ប្រាក់ឱ្យមកអនុវត្តក្រោមប្រតិបត្តិករទោលមួយ ក្នុងគោលដៅពង្រឹងអភិបាលកិច្ច និង​បង្កើន​ប្រសិទ្ធភាព នៃការអនុវត្តកម្មវិធី ក៏ដូចជាបង្កើនសង្គតិភាព និងពង្រីកការគ្របដណ្តប់កាន់តែទូលំ​ទូលាយ​ដល់គ្រួសារក្រីក្រ និង ក្រុមជនងាយរងគ្រោះ ក្នុងគ្រួសារនោះ។

ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសលើការធ្វើស្ថាប័នូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម ដែល​មានលក្ខណៈគ្រប់ជ្រុងជ្រោយ សមាហរណ និងស្វ័យប្រវត្តិកម្ម ដើម្បីបង្កើនសមត្ថភាព ប្រព័ន្ធគាំពារ​សង្គម ក្នុងការឆ្លើយតបនឹងវិបត្តិ ឬគ្រោះអាសន្ននានា តាមរយៈការរៀបចំដាក់ចេញឯកសារសំខាន់ៗ ចំនួន២ដូចខាងក្រោម៖

១៖ គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយ​សង្គមក្នុងកញ្ចប់គ្រួសារ

គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារត្រូវបានរៀបចំឡើងសម្រាប់ អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលជាបណ្ដុំនៃកម្មវិធីជាតិជំនួយសង្គម (កម្មវិធីដែល​មាន​ស្រាប់ និងកម្មវិធីដែលនឹងត្រូវបង្កើតថ្មីមួយចំនួន) ដែលមានលក្ខណៈសមាហរណ និងអនុវត្តក្នុង​ទម្រង់​រួមមួយក្រោមប្រតិបត្តិករទោល ពោលគឺមូលនិធិជាតិជំនួយសង្គម និងមានការចូលរួមគាំទ្រអនុវត្ត​ពី​ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ កម្មវិធីចំនួន៤ នឹងត្រូវធ្វើសមាហរណមុខងារក្រោមកញ្ចប់គ្រួសារ រួមមាន៖

– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

– កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា

– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព

– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)

ទន្ទឹមនឹងនេះ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវ ការឧបត្ថម្ភគោលសម្រាប់គ្រួសារ ដែល មានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍បិរយាបន្ន និងសមធម៌ និងការជៀសវាង បាននូវការធ្លាក់ ចុះយ៉ាង គំហុក​នៃប្រាក់ចំណូលសម្រាប់គ្រួសារ ដែលធ្លាប់ទទួលបានប្រាក់ឧបត្តម្ភកន្លងមក។

ដោយក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងក្លាយជាទម្រនៅពេលកម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩បានបញ្ចប់ ដោយចាក​ចេញ​បន្តិចម្តងៗ រយៈពេល ៣ខែ ចាប់ពីខែមករា ឆ្នាំ២០២៤, ការអនុវត្តផ្លូវការនូវក្រប​ខណ្ឌកម្មវិធីជាតិ​ជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៤ តទៅ។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ គ្រួសារមានបណ្ណសមធម៌​ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ និងបានគ្រោងចំណាយថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លាក្នុងឆ្នាំ២០២៤។

២៖ គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន

«សេចក្តីព្រាងក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន» ត្រូវបានរៀបចំឡើងក្នុងគោល បំណង​ធ្វើស្ថាប័នូបនីយកម្មប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងគ្រោះអាសន្ន និងវិបត្តិនានា​នៅពេលអនាគត។ ក្របខណ្ឌនេះកំណត់អំពីប្រភេទគ្រោះអាសន្ន ដែលប្រព័ន្ធ​គាំពារសង្គមអាច​ឆ្លើយ​តប​បាន រួមមាន៖ (១) វិបត្តិគ្រោះធម្មជាតិ (២) វិបត្តិសុខភាពសាធារណៈ និង (៣) វិបត្តិម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្របខណ្ឌនេះ ក៏កំណត់អំពីទំហំនៃផលប៉ះពាល់ និងសូចនាករប្រកាសអាសន្ន ក៏ដូចជាផ្តល់នូវជម្រើស​ឧបករណ៍វិធានការគោលនយោបាយ (Policy Tools) ទាំងជំនួយសង្គម និងសន្តិសុខសង្គម ដែលរាជ​រដ្ឋាភិបាលអាចដាក់ចេញ ដើម្បីជួយរក្សាលំនឹង និងស្ដារជីវភាពរបស់ប្រជាជនដែលរងផល​ប៉ះពាល់​អវិជ្ជ​មានពីគ្រោះអាសន្ន ជាលក្ខណៈប្រព័ន្ធ, អាចទស្សន៍ទាយជាមុន, ទាន់ពេល និងមានប្រសិទ្ធភាព។

ជម្រើសឧបករណ៍វិធានការគោលនយោបាយគាំពារសង្គមក្នុងការឆ្លើយតបនឹងគ្រោះអាសន្ន ដែលមាន​កំណ​ត់​ក្នុង​ក្រប​​ខណ្ឌនេះ មានដូចខាងក្រោម៖

– ការកែសម្រួលយន្តការ​អនុវត្ត​កម្មវិធី៖ សំដៅដល់ការកែសម្រួលយន្តការនៃការ​អនុវត្តកម្មវិធី​គាំពារ​សង្គម​ដែលមានស្រាប់ ដើម្បីធានាថាកម្មវិធីមានភាពធន់, អាចដំណើរការបាន និងមានប្រសិទ្ធភាពក្នុង​អំឡុង​ពេលគ្រោះអាសន្ន

– កម្មវិធីគាំពារសង្គមបន្ទាន់ថ្មីៗក្នុងគ្រាមានអាសន្ន៖ ដាក់ឱ្យអនុវត្តកម្មវិធីរបបគាំពារ សង្គមថ្មីៗក្នុង លក្ខណៈបន្ទាន់ជាបណ្តោះអាសន្នក្នុងគ្រាអាសន្ន ដោយប្រើប្រាស់យន្តការប្រព័ន្ធគាំពារសង្គម ដែល មានស្រាប់។

– ការពង្រីកការគ្របដណ្ដប់កិច្ចគាំពារសង្គមទៅលើគ្រួសារថ្មីៗ៖ សំដៅដល់ការពង្រីកការគ្របដណ្តប់ ចំពោះកម្មវិធី/របបគាំពារសង្គមដែលមានស្រាប់ ដើម្បីបញ្ចូលក្រុមគ្រួសារគោលដៅថ្មី ដែលរងផលប៉ះ ពាល់ដោយគ្រោះអាសន្ន

– ការពង្រីកវិសាលភាពគ្រប់ដណ្តប់កិច្ចគាំពារសង្គមតាមខ្សែបញ្ឈរ៖ សំដៅដល់ការបង្កើនកញ្ចប់

អត្ថ​ប្រយោន៍ ដែលត្រូវផ្ដល់ដល់អត្ថគាហកនៅក្នុងកម្មវិធី/របបគាំពារសង្គមដែលមានស្រាប់ក្នុង មួយគ្រា​នៃវិបត្តិ។

– ការបំពេញតម្រូវការថ្មីៗ តាមរយៈការផ្សាភ្ជាប់កម្មវិធីជំនួយសាច់ប្រាក់បន្ទាន់ក្នុងគ្រាអាសន្នរបស់ស្ថាប័ន មនុស្សធម៌ទៅនឹងប្រព័ន្ធគាំពារសង្គម៖ សំដៅដល់ការពង្រីក លទ្ធភាពក្នុងការទទួលបាន ការប្រើ ប្រាស់ ប្រព័ន្ធបើក ផ្តល់, ទិន្នន័យ ឬយន្ដការស្ថាប័ន នៃប្រព័ន្ធគាំពារសង្គម ទៅដល់ស្ថាប័នគ្រប់គ្រងគ្រោះ មហន្តរាយ ដើម្បីគាំទ្រការអនុវត្តកម្មវិធីជំនួយបន្ទាន់ក្នុងគ្រាអាសន្នជាបណ្តោះអាសន្ន។

ក្របខណ្ឌនេះ ក៏បានកំណត់អំពីផែនការសកម្មភាពសំខាន់ៗ និងតួនាទី របស់ក្រសួងស្ថាប័ន ដែលចូលរួមអនុវត្តផងដែរ។

ឯកសារទាំង២ខាងលើ ពោលគឺ «គោលការណ៍ណែនាំ​ស្តីពីក្រប​ខណ្ឌ​កិច្ច​គាំ​ពារសង្គមឆ្លើយតប នឹងគ្រោះអាសន្ន» និង «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ» ត្រូវបានដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ​២០២៣ ដោយទទួលបានការឯកភាពលើខ្លឹមសារទាំងស្រុង ហើយបានដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងទទួលបានការអនុម័តពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ច​កោណ-ដំណាក់​កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋា​ភិបាល​ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញកម្មវិធី​នយោ​បាយ​អាទិភាពចំនួន៦ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹង​បញ្ហា​ជីវភាព និងសុខភាព​របស់ប្រជាពល​រដ្ឋ។

កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦រួមមាន៖

១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល

២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារ​ក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស

៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន

៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូល​រួមក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ

៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ

៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព​កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

កម្មវិធីនយោបាយអាទិភាពទាំង៦នេះ កម្មវិធីទី១ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជា​ផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្មវិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់ឱ្យអនុវត្ត​ជាផ្លូវ​ការនៅថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ដោយ៖ សហការី


ចែករំលែក៖