ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង ខណៈជិះម៉ូតូទៅរកប្រពន្ធនៅជាយដែនកាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នៅតាមបណ្ដោយផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។
នគរបាលប្រាប់ថាៈ មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង ឈ្មោះ ផល ជុយ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខបន្ទាយមានជ័យ1A.3939តាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីកើតទៅលិចបានបុកជាមួយរថយន្តហាយឡេនឌ័រពាក់ផ្លាកលេខភ្នំពេញ2AW.0863ដែលបើកបរបញ្ច្រាសទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនបណ្តាលឱ្យស្លាប់អ្នកបើកបរម៉ូតូម្នាក់នៅនឹងកន្លែងកើតហេតុ។
ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះនិងមន្ត្រីនគរបាលប៉ុស្តិ៍ឃុំឈ្នួរមានជ័យ បានចុះមកពិនិត្យនិងសម្រួលចរាចរណ៍ហើយធ្វើការវាស់វែងដោយបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តហាយឡេនឌ័របានបើកបរក្នុងល្បឿនលឿនទៅបុកជាមួយអ្នកជិះម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូម្នាក់និងខូចខាតម៉ូតូ១គ្រឿងខ្ទេច រីឯរថយន្តខូចខ្ទេចផ្នែកខាងមុខ។
សាច់ញាតិជនរងគ្រោះបានប្រាប់ថាៈនៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានយកកូន៣នាក់ពីជាយដែននៅស្រុកសំពៅលូនខេត្តបាត់ដំបងមកផ្ញើឪពុកម្តាយនៅភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះហើយត្រឡប់ទៅរកប្រពន្ធវិញដើម្បីទៅប្រទេសថៃ តែពេលជិះម៉ូតូពេលយប់បានទៅបុកជាមួយរថយន្តហាយឡេនឌ័របណ្តាលឱ្យស្លាប់នៅនឹងកន្លែង។
មន្ត្រីនគរបាលបានប្រាប់ថាៈ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនេះបណ្តាលឱ្យស្លាប់ម្នាក់និងខូចខាតរថយន្តផ្នែកខាងមុខនិងម៉ូតូខូចខ្ទេច។ ក្រោយវាស់វែងរួចហើយរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕
ដោយ ៖ វណ្ណា