ព័ត៌មានទាន់ហេតុការណ៍៖

លោក ទី សុគន្ធ​ ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមប្រជុំពិភាក្សាលើសេចក្តីថ្លែងការណ៍រួម (Joint Statement)​ នៃលទ្ធផលកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម​ (CLV)

ចែករំលែក៖

ប្រទេសឡាវ ៖ លោក ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា​ និង​ លោក សន​ សារ៉ាណា​ សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា​ បានដឹកនាំប្រតិភូសភាកម្ពុជាចូលរួមប្រជុំពិភាក្សាលើសេចក្តីថ្លែងការណ៍រួម (Joint Statement )​ នៃលទ្ធផលកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម​ (CLV)​ នៅព្រឹកថ្ងៃទី៦ ខែធ្នូ​ ឆ្នាំ២០២៣។

រដ្ឋសភាឡាវ បានរៀបចំកិច្ចប្រជុំកំពូលសភា CLV លើកទី១​ ពីថ្ងៃទី៤​ ដល់ថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ “ការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម” ក្នុងគោលបំណងលើកកម្ពស់សន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព និងនិរន្តរភាព។​ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមកិច្ចប្រជុំនេះ ដឹកនាំដោយ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

 នាល្ងាចថ្ងៃទី៦ ខែធ្នូ​ ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលសភាCLV នឹងប្រារព្ធពិធីបិទជាផ្លូវការ ដោយរំពឹងថា ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ឡាវ​ និងវៀតណាម នឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Statement)​ នៃលទ្ធផលកិច្ចប្រជុំ៕

ដោយ ៖ សហការី


ចែករំលែក៖