ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញក.ប.ប.រាជធានីភ្នំពេញចុះត្រួតពិនិត្យសុវត្ថិភាព ម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ រកឃើញសារធាតុគីមីជាសាជូរ ១៧បាវ ស្មើ១៧០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ សាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំរថយន្តពិដោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ១ទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញរកឃើញសារធាតុគីមីជាសាជូរ ១៧បាវ ស្មើ១៧០គីឡូក្រាម។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ ។

ជាលទ្ធផល ក្នុងប្រតិបត្តិការនេះ ក្រុមមន្រ្តីជំនាញបានរកឃើញ :ខ្ញីដុំមិនទាន់ហាន់២០៩ថង់ស្មើរ២១៤០គីឡូក្រាម មានសារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ ១៧បាវ ស្មើ១៧០គីឡូក្រាម។ មាស៊ីនហាន់ខ្ញី២គ្រឿង ទំងន់ស្មើនឹង១០០គីឡូក្រាម ,ម៉ាស៊ីនលាងខ្ញី១គ្រឿង ទំងន់ ៥០០គីឡូក្រាម ,ខ្ញីហាន់រួចមានលាយសារធាតុគីមី ត្រាំSodium Hydrosufit ចំនួន ២៥គីឡូក្រាម សារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ចំនួន១.៥គីឡូក្រាម។

ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។

តាមការអះអាងពីម្ចាស់ទីតាំងខាងលើគឺសារធាតុគីមីទាំងនេះគាត់បានបញ្ជាទិញពីផ្សារច្បារអំពៅ។

ក្រោយចុះត្រួតពិនិត្យរួចមន្ត្រីជំនាញបាន ⁃ ដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ១.៥គ.ក. យកមករក្សាទុកជាបណ្តោះអាសន្ននៅសាខា ក.ប.ប. រាជធានី ⁃ ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវ ខ្ញីហាន់ដែលកំពុងដាក់ត្រាំក្នុងធុងជ័រ និងខ្ញីមើម ចំនួន២០៦៥គីឡូក្រាម។ ⁃ យកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់បន្ថែម។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយ រយៈពេលជាយូរអង្វែង។ ទន្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមទប់ស្កាត់នូវផលិតផលមានសារធាតុគីមីហាមឃាត់ ផលិតផលខូចគុណភាព ផលិតផលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិ តាមរយៈការដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានអំពីករណីខាងលើនេះ ទៅកាន់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដើម្បីមានវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖