ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំអនុវត្តវិធានការទៅលើរថយន្តប្រភេទធុនធំៗ ដែលបិទស្ទិកឃ័រពណ៌ខ្មៅ និងបិទវាំងនន នៅកញ្ចក់រថយន្តខាងមុខ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលបើកបរកន្លងមក។ ការដាក់វិធានការនេះ បានធ្វេីឡេីងបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យគ្រប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ចុះត្រួតពិនិត្យ និងមានវិធានការទៅលើរថយន្តធុនធំៗ ដែលបិទវាំងនន និងស្ទិកឃ័រពណ៌ខ្មៅ នៅលើកញ្ចក់រថយន្តខាងមុខ កាលពីពេលថ្មីៗនេះ។
ជាក់ស្ដែងបើតាមការបញ្ជាក់ពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានថ្លែងបញ្ជាក់ថា ជុំវិញទិសដៅការងារអនុវត្តដាក់ចេញដោយលោកឧបនាយករដ្ឋមន្រ្ដី ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាពិសេសក្នុងកិច្ចប្រជុំថ្មីៗនេះ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងនគរបាលរាជធានីភ្នំពេញ ដែលបានសំណះសំណាល ជាមួយមន្រ្ដីនគរបាលខណ្ឌសែនសុខនោះ គឺលោកបានដាក់បទបញ្ជា និងដាក់វិធានការម៉ឹងម៉ាត់ចំពោះរថយន្តធុនធំ រថយន្តដឹកដី រថយន្តដឹកទំនិញធុនធំ ដែលបានធ្វើដំណើរឆ្លងកាត់ចូលមកក្នុងរាជធានីភ្នំពេញនេះ ពាក់ព័ន្ធទៅនឹងការបិទកញ្ចក់ខ្មៅខាងមុខ និងការបិទវាំងនន បិទពេញនៅកញ្ចក់ខាងមុខនេះ។
លោកអ្នកនាំពាក្យ បានថ្លែងបន្តថា «យើងនឹងអនុវត្ត និងមានវិធានការម៉ឹងម៉ាត់ទៅតាមផ្លូវច្បាប់ និងអនុវត្តទៅតាមភាពជាក់ស្ដែងនៃការប្រព្រឹត្តបទល្មើស ឬហៅថាខុសលក្ខណៈបច្ចេកទេស ដែលបិទនៅផ្នែកខាងមុខ បង្កឱ្យប៉ះពាល់ជាគ្រោះថ្នាក់ចរាចរណ៍ នាំឱ្យមើលផ្លូវមិនឃើញ មិនច្បាស់ធ្វើឱ្យបញ្ហាគ្រោះថ្នាក់កើតឡើង»។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា ក្នុងកិច្ចការងារនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការ និងគោលការណ៍ច្បាស់លាស់ ដែលមានលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងនគរបាលរាជធានីភ្នំពេញ បានណែនាំទៅកាន់ការិយាល័យជំនាញ ចរាចរណ៍ផ្លូវគោក និងតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ដើម្បីឱ្យចុះអនុវត្តរួចមកហើយ។ ចំពោះលទ្ធផលអនុវត្តបែបណានោះ នឹងជម្រាបជូននៅពេលក្រោយ។
លោកបន្ថែមទៀតថា៖ «ពាក់ព័ន្ធទៅនឹងការបិទកញ្ចក់ខ្មៅហ្នឹង គឺយើងដឹងនឹងទទួលជ្រាបជាព័ត៌មានមកហើយ ដូចជាការបិទជាអក្សរ ជាស្អី? នៅលើកញ្ចក់រថយន្ត ឬនៅលើគូទរថយន្តហ្នឹង! អាចថាអនុវត្តឱ្យម្ចាស់រថយន្តដោះចេញ និងតាមច្បាប់អ្វីក៏ដោយឱ្យតែកែច្នៃ ដែលនាំឱ្យប៉ះពាល់ដល់សណ្នាប់ធ្នាប់សារធារណៈ ឬមួយបង្កឱ្យមានជាហានិភ័យ គ្រោះថ្នាក់ចរាចរណ៍ គឺយើងនឹងអនុវត្តទៅតាមវិធានការច្បាប់ ដោយមិនលើកលែងឡើយ»៕
ដោយ៖ សហការី