ព័ត៌មានទាន់ហេតុការណ៍៖

លោក ឈឹម ផលវរុន ៖ អាណត្តិនេះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានពង្រីកវិសាលភាពធំជាងមុន

ចែករំលែក៖

ភ្នំពេញ ៖ លោក ឈឹម ផលវរុន ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថ្លែងថាតាមរយៈបទពិសោធការងារ និងមើលឃើញពីសារៈសំខាន់នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កាលពីអាណត្តិទី៦  រាជរដ្ឋភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានពង្រីកវិសាលភាពបន្ថែមធំជាងមុនដើម្បីចូលរួមអនុវត្តការងារតាមតួនាទីភារកិច្ចជាមួយរាជរដ្ឋាភិបាល។

​លោក ឈឹម ផលវរុន ថ្លែងក្នុងឱកាសសន្និសីទព័ត៌មាន បង្ហាញលទ្ធផលកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមានសន្ដិភាពថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានបង្កើតនូវយន្តការ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាការបន្តនូវគោលគំនិតដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានផ្គួចផ្ដើមបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះឡើងនៅរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភា។

លោកបន្តថា ៖ ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ននេះឡើងថ្វីត្បិតជាការបន្តពីអាណត្តិទី៦ ប៉ុន្ដែក៏កើតឡើងតាមរយៈការទទួលស្គាល់នូវសមិទ្ធផលដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កាលពីអាណត្តិមុនដែលបានធ្វើយ៉ាងច្រើន និងបន្ថែមនូវវិសាលភាពលើសអាណត្តិមុន។ 

លោកបញ្ជាក់ថា ៖ អាណត្តិមុន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាជិកតែចំនួន ១៦ ប្រតិភូគណបក្សនយោបាយប៉ុណ្ណោះដោយបានកម្រិតសម្រាប់សមាជិកតែគណបក្សនយោបាយណាដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីនីតិកាលមុន។ ប៉ុន្ដែសម្រាប់អាណត្តិទី៧នេះ រាជរដ្ឋភិបាលបានពង្រីកវិសាលភាពក្នុងការទទួលសមាជិកមកពីគណបក្សនយោបាយនានា ទោះបីមិនបានចូលរួមបោះឆ្នោតក៏ដោយដែលបច្ចុប្បន្នមានគណបក្សនយោបាយចំនួន ២៩ បានចូលជាសមាជិក។

សូមជម្រាបថានៅថ្ងៃទី៦ ខែធ្នូនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតី កិច្ចប្រជុំលើកដំបូងជាមួយ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន ២៩ ក្នុងនោះមានទាំងគណបក្សប្រជាជនកម្ពុជាផងដែរ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឥស្សរជនក្នុងជួរាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២ នាក់៕

ដោយ ៖ សហការី


ចែករំលែក៖