ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះមីនសល់ពីសម័យសង្គ្រាមកក្រើកស្រុកសំឡូតធ្វើឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់បើកត្រាក់ទ័រទៅភ្ជួរដីចម្ការដើម្បីដាំដំឡូងមី ហើយបានជាន់មីនតោនមួយគ្រាប់ដែលសល់ពីសម័យសង្គ្រាមបណ្ដាលឱ្យផ្ទុះរងរបួសធ្ងន់នៅក្នុងភូមិសាស្ត្រអតីតសមរភូមិប្រយុទ្ធស្រុកសំឡូត នាវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចក្រុមទី០៤ ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

    ជនរងគ្រោះមានឈ្មោះ ភន ភេទ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅក្រុមទី០៤ ភូមិស្វាយជ្រំ ឃុំកំពង់ល្ពៅ ស្រុកសំឡុត ។ មុនពេលកើតហេតុ ជនរងគ្រោះបានបើកត្រាក់ទ័រទៅភ្ជួរដីដាំដំឡូងដូចរាល់ឆ្នាំ ហើយបានភ្ជួរដីដាំដុះបានចំនួនជាង១០គន្លង ចៃដន្យស្រាប់តែភ្ជួរប៉ះគ្រាប់មីនតោនបណ្ដាលឱ្យផ្ទុះកក្រើកដីចម្ការ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកស្រុកភូមិនៅក្បែរនោះ។

    ជនរងគ្រោះរងរបួសធ្ងន់ធ្ងរនៅត្រង់ផ្ទៃមុខ ចំណែកត្រាក់ទ័របានខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

    សមត្ថកិច្ចជំនាញបានបញ្ជាក់ថា តំបន់ដីចម្ការដែលបង្កគ្រោះថ្នាក់ដល់ប្រជាកសិករនេះ ជាតំបន់ប្រយុទ្ធ អតីតជាសមរភូមិក្តៅគគុករវាងកងទ័ពរដ្ឋកម្ពុជា ជាមួយកងទ័ពខ្មែរក្រហម រីឯគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបង្កគ្រោះថ្នាក់នេះ គឺជាគ្រាប់មីនដែលនៅសល់តាំងពីសម័យសង្គ្រាម៕

ដោយ៖ វណ្ណា


ចែករំលែក៖