ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ទៀ សីហា ជួបពិក្សាការងារជាមួយ លោកAtul Khare អគ្គលេខាធិការរងអង្គការសហ ប្រជាជាតិ ទទួលបន្ទុកគាំទ្រលើទីលាន

ចែករំលែក៖

ហ្គាណា៖ ក្នុងជំនួបជាមួយលោក Atul Khare អគ្គ លេខាធិការរង អង្គការសហប្រជាជាតិទទួលបន្ទុកគាំទ្រលើទីលាននៅទីក្រុងអាក្រា (ACCRA) សាធារណរដ្ឋហ្គាណា (Ghana)នាយឧត្តមសេនីយ៍ ទៀ សីហា ឧប នាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ តាមការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងអំណរគុណលោក Atul Khare ដែលបានផ្តល់ការគាំទ្រដល់គម្រោងហ្វឹកហ្វឺនត្រីភាគីនៅកម្ពុជា និងថ្លែងអំណរគុណដែលលោកបានថ្លែងជាសារវីដេអូក្នុងកម្មវិធីបិទវគ្គ។ នាយឧត្តមសេនីយ៍សង្ឃឹមថា គម្រោងត្រីភាគីដែលនឹងមាន ការចូលរួមពី សិក្ខាកាមមកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០២៤/ ២០២៥ នៅកម្ពុជា លោកAtul Khareនឹងចូលរួមដោយផ្ទាល់ និងដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជាដែលមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមម្លប់សន្តិភាព។ 

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានស្នើដល់លោក    អគ្គលេខាធិការរង អង្គការសហប្រជាជាតិទទួលបន្ទុកគាំទ្រលើទីលានឱ្យបង្កើនការចូលរួមពីសំណាក់នារីឱ្យដល់ ២០% ទាំង ក្នុងកង និងនៅទីបញ្ជាការ អង្គការ សហប្រជាជាតិ ជានាយទាហានសេនាធិការ និងសង្កេត ការណ៍យោធា ។ 

លោក Atul Khare បានលើកឡើងអំពីបេសកកម្មរក្សាសន្តិភាពរបស់កងទ័ពមួកខៀវកម្ពុជានៅប្រទេសម៉ាលី ដោយលោកបានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ,ដែលកម្ពុជា បានបរិច្ចាគកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព ជា ពិសេសជំនាញកំទេចគ្រាប់មិនទាន់ផ្ទុះដែលជាជំនាញមួយចាំបាច់នៅម៉ាលីតែម្តង ប៉ុន្តែដោយសារបេសកកម្មនៅម៉ាលី ត្រូវបានបញ្ចប់។លោកបានសម្តែងនូវក្តីសោមនស្សរីករាយដែលកងកម្លាំងកម្ពុជាបានដកចេញប្រកបដោយ សុខសុវត្ថិភាព។ 

លោកAtul Khare បានសម្តែងការអបអរសាទរដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកាលពីឆ្នាំ ២០២២ កន្លងទៅ។ ក្នុងន័យនេះលោកបានស្នើសុំឲ្យមានការគាំទ្រពីបណ្តាប្រទេសនៅ ក្នុងសហគមន៍អាស៊ានឱ្យបន្តបរិចា្ចគ និងគាំទ្រដល់បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិជាបន្តទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖