ភ្នំពេញ៖ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា កម្ពុជា បានចំណាយថវិកាប្រមាណជាង ២៣ពាន់លានដុល្លារ នាំចូលទំនិញពីទីផ្សារបរទេសយកមកផ្គត់ផ្គង់ក្នុងស្រុក គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣នេះ បានធ្លាក់ចុះ ៥.៤ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ២៣ពាន់លានដុល្លារ ខណៈការនាំចេញទៅទីផ្សារអន្តរជាតិសរុបមានចំនួនជាង ២០ពាន់លានដុល្លារ។
របាយការណ៍ដដែល បានឱ្យដឹងទៀតថា ប្រទេសចិន គឺជាប្រទេសដែលកម្ពុជា នាំចូលទំនិញច្រើនជាងគេ មានចំនួនជិត ១០ពាន់លានដុល្លារ កើនឡើងជាង ៣ភាគរយ រយៈពេល ១១ខែ ឆ្នាំ ២០២៣។ ចំណែកវៀតណាម បានាំចូលទំនិញមកកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៣,២ពាន់លានដុល្លារ ធ្លាក់ចុះជិត ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៣,៦ពាន់លានដុល្លារ។
សូមជម្រាបជូនថា កម្ពុជា នាំចូលទំនិញពីថៃ មានចំនួនជាង ២,៦ពាន់លានដុល្លារ ថយចុះជាង ២១ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៣,៣ពាន់លានដុល្លារអាមេរិក។ ចំណែការនាំចូលពីទីផ្សារអាមេរិកគិតជាទឹកប្រាក់មានចំនួនតែជាង ២២២លានដុល្លារប៉ុណ្ណោះ។
ដោយឡែកបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងដែរថា សម្រាប់ការនាំចូលទំនិញក្នុងខែ វិច្ឆិកា មានចំនួនជិត ២ពាន់លានដុល្លារ កើនឡើង ១,២ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ចំពោះទំនិញដែលកម្ពុជា នាំចូលច្រើន មានដូចជា៖ យានយន្ត ប្រេងឥន្ធនៈ សម្ភារៈប្រើប្រាស់ បរិក្ខារអគ្គិសនី សម្ភារសំណង់ និងវត្ថុធាតុដើមសម្រាប់កែច្នៃនាំចេញ ដែលភាគច្រើន បាននាំចូលពីប្រទេសចិន។
បើតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា ក៏បានបញ្ជាក់ថា គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា អន្តរជាតិ មានចំនួនជាង ៤២ពាន់លានដុល្លារ។ ក្នុងនោះ ទំហំពាណិជ្ជកម្មជាមួយចិន មានចំនួនច្រើនជាងគេ ប្រមាណជាង ១១ពាន់លានដុល្លារ , អាមេរិក ៨,៣ពាន់លានដុល្លារ, វៀតណាម មានចំនួនជាង ៥,៨ពាន់លានដុល្លារ , ថៃ ៣,៣ពាន់លានដុល្លារ និងជប៉ុន មានចំនួនជាង ១,៦ពាន់លានដុល្លារ៕
ដោយ៖ សហការី