ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា និងលោក វ៉ិត មឃៈ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ឈ្មោះ ជា អូន ដាក់ពន្ធនាគារ៣០ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុន ករណី បាញ់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួររំលឹកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកស្រី អ៊ុក រ៉េតគន្ធា នៅព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២២ បានសម្រេចឃុំខ្លួនប្តីបាញ់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ. ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទឈ្មោះ ជា អូន ភេទ ប្រុសអាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៤១៧ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ (គ្មានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ នូ សុខនីតា ហៅ ស៊ីវ អេង ភេទ ស្រី អាយុ ២២ ឆ្នាំ ទីលំនៅផ្ទះលេខ១៤០៣A ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ស្លាប់)។
សមត្ថកិច្ចដកហូតវត្ថុតាងចាប់យក ៖ អាវុធខ្លី ០១ដើមម៉ាក K៥៩(រលប់លេខ), បង់ចំនួន ០១, គ្រាប់ចំនួន ០១គ្រាប់, កូនកាំបិតហូត ០១ដើម, ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ លេខតួ+លេខម៉ាស៊ីន=៨១៧៨១១៦ ពាក់ស្លាកលេខ កណ្តាល ១D-៥០១១។
ហេតុការណ៍បាញ់សម្លាប់នេះកើតឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅផ្ទះលេខ១៤០៣A ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
ដោយ ៖ រ៉ារ៉ា