ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរាជធានី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានបញ្ជូនក្រុមជនអន្តពាល និងជាជនដៃដល់ជនជាតិចិនចំនួន០៩នាក់មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកចំណាត់ការតាមនីតិវិធីពាក់ព័ន្ធព្រួតគ្នាប្រើហិង្សាដោយយកកាំបិតបុ័ងតោកាប់បុរសម្នាក់ប៉ងសម្លាប់បណ្ដាលអោយរងរបួសធ្ងន់ធ្ងរ និងវាយកម្ទេចរថយន្តរបស់ជនរងគ្រោះផងដែរ ។
សូមបញ្ជាក់ថា កម្លាំងជំនាញព្រហ្មទណ្ឌ បានសហការជាមួយប៉ុស្ដិ៍បឹងកេងកងទី១ ខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យ៩នាក់ជាជនជាតិចិន ក្រោយពួកគេបើករថយន្តដេញស្ទាក់រថយន្តជនរងគ្រោះកំពុងបើកបរតាមផ្លូវ វាយ គប់ ទាត់ធាក់ និងកាប់ទៅលើជនរងគ្រោះ និងរថយន្តយ៉ាងព្រៃផ្សៃ ដែលជនរងគ្រោះមិនដែលស្គាល់ និងមានទំនាស់ជាមួយពួកគេនោះឡើយ។ អំពើហិង្សារបស់ក្រុមជនពាលជនជាតិចិនខាងលើនេះ មានរូបភាពសាហាវ ហើយត្រូវបានគេសន្និដ្ឋានថា ពួកនេះ អាចប្រើរូបភាពបញ្ហាចរាចរនៅលើដងផ្លូវ រួចហើយបង្កជម្លោះប្រើហិង្សា ពេលមានឱកាសអាចធ្វើសកម្មភាពប្លន់ ឬចាប់ជំរិតជនរងគ្រោះតែម្ដង ។
ករណីហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២៖៣០នាទី ស្ថិតនៅចំណុច ផ្លូវព្រះមុនីវង្សកែងផ្លូវ ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ សមត្ថកិច្ចបាឱ្យដឹងថា មុនកើតហេតុកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែប្រទះឃើញ ករណីហិង្សា ហើយកម្លាំងសមត្ថកិច្ចក៏បានជួយអន្ដរាគមន៍ឃាត់ខ្លួនជនបង្ករួមនឹងវត្ថុតាង មកកាន់អធិដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីធ្វើការសាកសួរ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ជនសង្ស័យទាំង០៩នាក់ មានឈ្មោះដូចខាងក្រោម៖ ១៖ ឈ្មោះ WU TSUNG HING ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិចិន លិខិតឆ្លងដែនលេខ311724164 ២៖ ឈ្មោះ LAZARE ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិកាមេរ៉ូន លិខិតឆ្លងដែនលេខ06634931 ៣៖ ឈ្មោះ YANG SHANG LIN ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាតិចិន លិខិតឆ្លងដែនលេខ351732115 ៤៖ ឈ្មោះ LIN WEI TING ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិចិន លិខិតឆ្លងដែនលេខ360317578 ៥៖ ឈ្មោះ WU TING SHENG ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិចិន លិខិតឆ្លងដែនលេខ360235649 ៦៖ ឈ្មោះ CHEN YU SHANG ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិចិន លិខិតឆ្លងដែនលេខ311215243 ៧៖ ឈ្មោះ HUANG YU CHEN ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិចិន លិខិតឆ្លងដែន360247987 ៨៖ ឈ្មោះ WEI MIN KAI ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិចិន លិខិតឆ្លងដែនលេខ351501777 ៩៖ ឈ្មោះ ឈិន ម៉េង ភេទប្រុស អាយុ៥៥ឆ្នាំ សញ្ជាតិចិន ។
វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទដៃ ០៩គ្រឿង, កាំភ្លើងខ្លី ០១ដើម ម៉ាកឡុក១៩ ពណ៌ខ្មៅ បង់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១០គ្រាប់, កាបូបស្ពាយចំហៀង ០១, អត្តសញ្ញាណប័ណ្ណខ្មែរ០១, កាតគ្រីសម្គាល់រថយន្ត ០១, បណ្ណបើកបរ ០១, បណ្ណសម្គាល់ការងារ ០១, កាតធនាគារ ០៥, កាតកាន់កាប់កាំភ្លើង០១ និងប្រាក់១.៥០០ដុល្លារ ។
ចំណែកជនរងគ្រោះជាជនជាតិចិនមានគ្នាចំនួន២នាក់ជិះរថយន្តមួយគ្រឿងរួមដំណើរជាមួយគ្នា ។
បច្ចុប្បន្ន ក្រុមជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា