ព័ត៌មានទាន់ហេតុការណ៍៖

CDC៖​ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគចំនួន ១៥ ដែលមានទុនវិនិយោគប្រមាណជាង ២៤៧លានដុល្លារអាម៉េរិក​ ក្នុងរយៈពេល ២សប្តាហ៍ខែធ្នូនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងរយៈពេល ២សប្តាហ៍នៃខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC)​ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ១៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៧លានដុល្លារអាម៉េរិក។​ នេះបេីយោង​តាមសេចក្តីប្រកាសព័ត៌មាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីថ្ងៃទី​២០​ ខែធ្នូ​ម្សិលមិញ។ 

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានសម្រេចចេញវិញ្ញាបនបត្រចុះ បញ្ជីគម្រោងវិនិយោគចំនួន ១៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៧លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណជាង ១៦០០០កន្លែង។

គួរបញ្ជាក់ជូនផងដែរថា គម្រោងវិនិយោគដែលទទួលបានការអនុម័តរួមមាន (១) គម្រោងវិនិយោគ អភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុក ថាមពលអគ្គិសនីខេត្តពោធិ៍សាត់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ (២) គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល (៣) គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ (៤) គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ (៥) គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់កេសកាតុង និងថង់ប្លាស្ទិក នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (៦) គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ (៧) គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (៨) គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល (៩) គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅស្រុកសាមគ្គី មុនីជ័យ ខេត្តកំពង់ស្ពឺ (១០) គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈតុបតែងគេហដ្ឋាន ស៊ុមរូបថត អំពូល ភ្លើង អំពូលភ្លើងលំអ និងសម្ភារៈតុបតែងដើមណូអែល នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្ត ស្វាយរៀង (១១) គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈបន្ទប់ទឹក និងគ្រឿងបង្គំវាំងនន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយផាក ខេត្តស្វាយរៀង (១២) គម្រោងវិនិយោគបង្កើត រោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលំអ គ្រឿងអេឡិចត្រូនិក និងតុក្កតាសម្រាប់តាំងលំអសួនច្បារ នៅក្នុង តំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង (១៣) គម្រោងវិនិយោគបង្កើតរោង-ចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង (១៤)​គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកបំពាក់ហែលទឹក ខោអាវទ្រនាប់ ស្រោមដៃ​ កន្សែង ម៉ាស់ និងគ្រឿងបន្សំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ ៦ ខេត្តកំពង់ចាម និង (១៥)​ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះក្នុងបន្ទប់ទឹក និងសម្ភារៈប្រើប្រាស់ក្នុងសួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

ដោយ៖ សហការី


ចែករំលែក៖