ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមិត្តជប៉ុនបន្តជួយពិនិត្យលទ្ធផលក្នុងការបន្តជួយអភិវឌ្ឍប្រទសកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បន្ថែមទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមិត្តជប៉ុនបន្តជួយពិនិត្យលទ្ធផលក្នុងការបន្តជួយអភិវឌ្ឍប្រទសកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមិត្តជប៉ុនបន្តគាំទ្រលើគម្រោងកំណាត់ផ្លូវជាតិលេខ១ ពីភ្នំពេញ ដល់ស្ពានអ្នកលឿង និងគម្រោងសាងសង់ស្ពានឆ្លងកាត់មេគង្គក្តីតាកៃអរិយក្សត្រដែលបច្ចុប្បន្នទីភ្នាក់ងារ JICA បានកំពុងពិនិត្យសំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

បន្ថែមពីនេះដោយសារប្រទេសជប៉ុនជឿនលឿនខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ សម្តេចធិបតីស្នើឱ្យជប៉ុនជួយសម្របសម្រួលឱ្យមានកម្មវិធីផ្លាស់ប្តូរចំណេះដឹង និងជំនាញ បទពិសោធន៍ និងបច្ចេកវិទ្យាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីជំរុញឱ្យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើនល្អប្រសើរឡើង។

សម្រាប់កម្ពុជា-ជប៉ុន គឺជាមិត្តដ៏សំខាន់ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាពីអតីតកាល បច្ចុប្បន្នកាល និងទៅអនាគត។

សម្តេចធិបតីបានលើកសំណើបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុនដែលបានផ្ដល់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ដែលមានតម្លៃជិតដប់បួនលានដុល្លារ និង ថវិកាសម្រាប់សាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុជំហានទី១ ដែលមានតម្លៃពីររយសែសិបបីលាន ដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ ឆ្នាំ២០២៣ ទំនាក់ទំនងកម្ពុជា-ជប៉ុន មានលក្ខណៈពិសេសចំនួន ២ នោះគឺ ខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងការលើកកម្ពស់ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងប្រទេសទាំងពីរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ផ្លូវទឹក នៅតែមានសារៈសំខាន់ សម្រាប់ការធ្វើចរាចរដឹកជញ្ជូនទំនិញពាណិជ្ជកម្ម ដែលការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកនេះ បានកើតមានឡើងរាប់សតវត្សមកហើយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុជំ ហានទី១ នឹងបញ្ចប់នៅឆ្នាំ២០២៦ ៕

ដោយ ៖ សហការី


ចែករំលែក៖