ជំនួយទៅលើអ៊ុយក្រែនពីសហរដ្ឋអាមេរិកនិងអឺរ៉ុបបន្តិចម្តងៗ ធ្លាក់ចុះ សេតវិមានបានស្នើរឹបអូសទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីជាង 300 ពាន់លានដុល្លារដែលរក្សាទុកនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុបដើម្បីផ្ទេរទៅទីក្រុងគៀវ។
បន្ទាប់ពីជម្លោះរវាងរុស្ស៊ីនឹងអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំមុន សហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងជប៉ុនបានបង្កកទ្រព្យសម្បត្តិរុស្ស៊ីនៅក្នុងប្រទេសទាំងនេះ។ កាសែត The New York Times បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី 21 ខែធ្នូ ដោយបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានចាប់ផ្តើមការចរចាជាបន្ទាន់ជាមួយសម្ព័ន្ធមិត្តលើការប្រើប្រាស់ទ្រព្យសម្បត្តិដែលបានបង្កករបស់រុស្ស៊ី ដើម្បីផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។
ការពិភាក្សារវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ អ្នកការទូត និងមេធាវីកាន់តែក្តៅគគុកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អុីតាលី កាណាដា និងជប៉ុន ដោយស្នើសុំឱ្យពួកគេប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីមុនថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2024។
អត្ថបទនេះក៏លើកហេតុផលថា ការរឹបអូសលុយដ៏ច្រើនបែបនេះពីប្រទេសដែលមានអធិបតេយ្យភាពមួយផ្សេងទៀតនឹងជារឿងដែលមិនធ្លាប់មានពីមុនមក ហើយសកម្មភាពបែបនេះអាចមានផលវិបាកផ្នែកសេដ្ឋកិច្ចនិងផ្លូវច្បាប់ដែលមិនអាចទាយទុកជាមុនបាន។
យោងតាមកាសែតរុស្ស៊ី Lenta.ru រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីលោក Siluanov បាននិយាយកាលពីថ្ងៃទី 21 ខែធ្នូថា ប្រសិនបើទ្រព្យសម្បត្តិរបស់រុស្ស៊ីត្រូវបានរឹបអូសដោយលោកខាងលិច រុស្ស៊ីនឹងឆ្លើយតបស្រដៀងគ្នា។ កាលពីថ្ងៃទី 22 ខែធ្នូ កាសែត The British Financial Times បានបោះពុម្ពផ្សាយវិចារណកថា ប្រឆាំងនឹងផែនការរបស់សហរដ្ឋអាមេរិក ដោយនិយាយថា វា “អាចបង្កើតគំរូមិនល្អនិងធ្វើឱ្យរចនាសម្ព័ន្ធហិរញ្ញវត្ថុពិភពលោកចុះខ្សោយ” ។ អត្ថបទនោះបាននិយាយថា ប្រទេសសហភាពអឺរ៉ុបជាច្រើនរួមមានបារាំង អាល្លឺម៉ង់ … មិនពេញចិត្តនឹងផែនការរបស់អាមេរិកទេ។
យោងតាមកាសែត New York Times មានតែផ្នែកតូចមួយនៃទ្រព្យសកម្មក្រៅប្រទេសរបស់ធនាគារកណ្តាលរុស្ស៊ី (ប៉ាន់ស្មានប្រហែល 5 ពាន់លានដុល្លារ) ស្ថិតនៅក្នុងដៃរបស់អង្គការអាមេរិក ប៉ុន្តែទុនបម្រុងរូបិយប័ណ្ណបរទេសភាគច្រើនរបស់រុស្ស៊ីត្រូវបានរក្សាទុកនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប។ កាសែតនេះបាននិយាយថា សហរដ្ឋអាមេរិកមានសិទ្ធិត្រួតពិនិត្យប្រតិបត្តិការទាក់ទងនឹងរូបិយប័ណ្ណរបស់ខ្លួន និងទាញយកអត្ថប្រយោជន៍ពីការដាក់ទណ្ឌកម្មដើម្បីបង្កកទ្រព្យសម្បត្តិជាដុល្លារ។ ប្រាក់បញ្ញើរបស់រុស្ស៊ីភាគច្រើនស្ថិតនៅក្នុងទ្វីបអឺរ៉ុប រួមទាំងប្រទេសស្វីស និងបែលហ្ស៊ិក ដែលមិនមែនជាផ្នែកនៃ G7 ៕ ដោយ៖ ធីរីណា
រូបថត៖ chinatimes