ព័ត៌មានទាន់ហេតុការណ៍៖

លោក Jim Ratcliffe យល់ព្រមលើកិច្ចព្រមព្រៀងទិញភាគហ៊ុន២៥%របស់ក្លិប Manchester United

ចែករំលែក៖

មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe បានយល់ព្រមទិញភាគហ៊ុន២៥% របស់ក្លិបបិសាចក្រហម Manchester United ក្នុងតម្លៃប្រហែល១.៣ពាន់លានដុល្លារ។ ស្ថាប័ន Ineos Group របស់លោកRatcliffe នឹងគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លិបមួយនេះ។

បុរសវ័យ៧១ឆ្នាំរូបនេះក៏នឹងផ្តល់ប្រាក់៣០០លានដុល្លារសម្រាប់ការវិនិយោគនាពេលអនាគតទៅក្នុងកីឡដ្ឋាន Old Trafford របស់ក្លិប។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល១៣ខែ​បន្ទាប់​ពី​ម្ចាស់​ក្លិប​គឺ​គ្រួសារ Glazer បាន​និយាយ​ថា ​ពួកគេ​កំពុង​ពិចារណា​លក់​ដើម្បីស្វែងរក​ជម្រើស​ជា​យុទ្ធសាស្ត្រ។ គ្រួសារជនជាតិអាមេរិកមួយនេះបានទិញក្លិបនេះក្នុងតម្លៃ៧៩០លានផោនក្នុងឆ្នាំ២០០៥។

អ្នកដេញថ្លៃតែមួយគត់ដែលត្រូវបានប្រកាសជាសាធារណៈគឺធនាគារកាតា Sheikh Jassim bin Hamad Al Thani បានដកសំណើរបស់គាត់ដើម្បីទិញក្លិប១០០%នៅក្នុងខែតុលា។ ក្លិប Manchester United បានជួបការលំបាកនៅលើទីលានក្នុងរដូវកាលនេះ ហើយមិនបានឈ្នះពាន Premier League ចាប់តាំងពីឆ្នាំ២០១៣មក ខណៈដែលមានការតវ៉ាជាប្រចាំប្រឆាំងនឹងការកាន់កាប់របស់គ្រួសារ Glazer ដែលកាន់កាប់ក្លិប។

លោក Ratcliffe កើតនៅទីក្រុង Manchester គឺជាប្រធានក្រុមហ៊ុនគីមីឥន្ធនៈ Ineos ហើយនិយាយថា គាត់គឺជាអ្នកគាំទ្រក្លិបពេញមួយជីវិត។ គាត់បានព្យាយាម និងបរាជ័យក្នុងការទិញក្លិប Chelsea កាលពីឆ្នាំមុន។

ក្លិបអះអាងថា កិច្ចព្រមព្រៀងនេះគឺស្ថិតលើការយល់ព្រមតាមបទប្បញ្ញត្តិ ប៉ុន្តែសង្ឃឹមថាវានឹងត្រូវបានបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ដំបូងនឹងមានដំណើរការពី៦ទៅ៨សប្តាហ៍សម្រាប់កិច្ចព្រមព្រៀងដែលត្រូវបានផ្តល់សច្ចាប័ន ដែលរួមមានការចុះហត្ថលេខាបិទដោយ Premier League ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖