ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកក្រឡាញ់ បដិសេធមិនបានយកទីតាំងប្រវត្តិសាស្ត្រ​មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ភ្នំទ្រង់បាត ធ្វើជាកន្លែងចាក់សំរាមនោះទេ

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលស្រុកក្រឡាញ់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជន អ្នកសារព័ត៌មានជាតិ អន្តរ ជាតិ និងប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ទាំងអស់ បានជ្រាបថា ៖ ថ្មីៗនេះ ដោយមានការបង្ហោះព័ត៌មានក្នុង បណ្តាញទំនាក់ទំនងសង្គម Facebook អំពីការយកទីតាំងប្រវត្តិសាស្ត្រ មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជ សាសន៍ភ្នំទ្រង់បាត ធ្វើជាកន្លែងចាក់សំរាម ឬ អេតចាយ ស្ថិតនៅក្នុងភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ 

ចំពោះករណីនេះ រដ្ឋបាលស្រុកក្រឡាញ់ សូមធ្វើការបំភ្លឺដូចខាងក្រោម ៖

១- រដ្ឋបាលស្រុកមិនបានយកទីតាំងប្រវត្តិសាស្រ្តមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ភ្នំទ្រង់ បាត ធ្វើជាកន្លែងចាក់សំរាមនោះទេ។

២- ទីតាំងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ភ្នំទ្រង់បាតនិងទីតាំងឡដុតសំរាម គឺ ទីតាំងពីរ ដាច់ដោយឡែកពីគ្នា និងមានចម្ងាយប្រមាណជា ១០០ម៉ែត្រ។

៣- ចំពោះឡដុតសំរាម បានសាងសង់កាលពីឆ្នាំ២០២១ ដោយទទួលបានការឯកភាពនិងឧបត្ថម្ភ គាំទ្រសាងសង់ដោយក្រសួងបរិស្ថាន។

៤-​ ចំពោះទីតាំងឡដុតសំរាម ក៏មិនមែនជាទីលានចាក់សំរាមដែរ កន្លងមក រដ្ឋបាលស្រុកក្រឡាញ់ តែងបានណែនាំដល់ក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជនស្រុក ដើម្បីពន្លឿន ការដុតសំរាមឲ្យអស់ នៅពេលដែលដឹកជញ្ជូនមកដល់ទីតាំងឡដុតសំរាម ដើម្បីជៀសវាងបង្ក ការរំខាន និងបរិស្ថានមិនល្អ នៅលើទីតាំងឡដុតសំរាមផងដែរ។

៥-​ ចំពោះបញ្ហាសំរាមដែលសល់គរច្រើន ក្រុមហ៊ុនប្រមូលសំរាម សំណល់រឹងទីប្រជុំជនស្រុក បាន បញ្ជាក់ថាបណ្តាលមកពីសំរាមមួយផ្នែកធំសើម ឡដុតសំរាមខូច មិនដំណើរការជាញឹកញាប់។

ទន្ទឹមនេះ រដ្ឋបាលស្រុកក៏បានចាត់វិធានការដោះស្រាយជាបន្ទាន់ ដើម្បីកែលម្អទីតាំងឡដុតសំរាមនេះ ហើយក៏បានចុះពិនិត្យ និងធ្វើការណែនាំដល់ក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជនស្រុកគឺ ត្រូវ ពន្លឿនការដុតសំរាមជាប្រចាំថ្ងៃ ត្រូវដឹកយកកាកសំណល់សំរាម ដែលនៅសេសសល់យកទៅចាក់ ឬ កប់នៅទី លានីដែលសមស្រប។ ជាពិសេសក្រុមហ៊ុនត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងជាមួយ រដ្ឋបាលស្រុកក្នុងការអនុវត្តមុខងារប្រមូល ដឹកជញ្ជូន និងដុតសំរាមសំណល់រឹងក្នុងទីប្រជុំជនស្រុកក្រឡាញ់ឲ្យ បានល្អប្រសើរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងប្រជាពល រដ្ឋក្នុងស្រុកក្រឡាញ់ទាំងអស់ មេត្តាជ្រាបតាមការគួរ៕

ដោយ៖ សហការី


ចែករំលែក៖