ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក សួន សំណាង បានធ្វើបទបង្ហាញអំពីគោលនយោបាយការពារជាតិ (សៀវភៅ ស ការពារជាតិ ឆ្នាំ២០២២) ជូនគណ:កម្មការជំនាញរដ្ឋសភាសម្រាប់នីតិកាលទី៧នៃរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីធ្វើបទ បង្ហាញអំពីគោលនយោបាយការពារជាតិ (សៀវភៅ ស ការពារជាតិ ឆ្នាំ២០២២) ជូនដល់គណៈកម្មការទី៤ ក៏ដូចជាគណៈកម្មការជំនាញនានា នៃរដ្ឋសភា និងជូនថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា អំពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងការពារជាតិ ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) នៅសាលសន្និសីទបាយ័ន។ 

កិច្ចប្រជុំនេះ​ មានការអញ្ជើញចូលរួមពីសំណាក់ លោក សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា លោកជំទាវ គ្រួច សំអាន អនុប្រធានគណ:កម្មការទី៦ នៃរដ្ឋសភា លោក ឡោក ហ៊ួរ អនុប្រធានគណ:កម្មការទី២ នៃរដ្ឋសភា លោក លោកស្រី ជាសមាជិក សមាជិការដ្ឋសភា ឯកឧត្តមទីប្រឹក្សា ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនួយការមួយចំនួនផងដែរ។ 

លោក កែប ជុតិមា បានបញ្ជាក់ជូន លោកឧត្តមសេនីយ៍ឯក សួន សំណាងថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងសំខាន់គឺដើម្បីឈ្វេងយល់នូវវិស័យការងារការពារជាតិ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៤ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព។ 

លោកឧត្តមសេនីយ៍ឯក សួន សំណាង បានលើកឡើងពីសារៈសំខាន់នៃសៀវភៅសការពារជាតិ ឆ្នាំ២០២២ ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតសំខាន់លើសៀវភៅសការពារជាតិ ឆ្នាំ២០២២ មាន៣ផ្នែកគឺ៖

• ផ្នែកទី១ ទស្សនៈចំពោះការអនុវត្តគោលនយោបាយការពារជាតិ

-ពិនិត្យ និងវាយតម្លៃលើការអនុវត្តយុទ្ធសាស្រ្តការពារជាតិកន្លងមក 

-វិភាគស្ថានការណ៍សន្តិសុខដែលជះឥទ្ធិពលមកលើប្រទេសជាតិ  -វាយតម្លៃការគំរាមកំហែងមកលើសន្តិសុខជាតិ 

-កំណត់គោលនយោបាយការពារជាតិ (ឆ្នាំ២០៣០) 

-ថែរក្សាសន្តិភាព 

-ការពារផលប្រយោជន៍ជាតិ 

-បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ 

-លើកតម្កើងគុណតម្លៃនៃប្រវត្តិសាស្ត្រយោធា និងនយោបាយ ឈ្នះ ឈ្នះ។

• ផ្នែកទី២: យុទ្ធសាស្ត្រ និងអាទិភាពនៃកិច្ចការពារជាតិ  

-កិច្ចការពារព្រំដែន 

-កិច្ចការពារសន្តិសុខជាតិ 

-កំណែទម្រង់យោធា 

-កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការពារព្រំដែន 

-ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ -ទំនើបនីយកម្មយោធា (សមត្ថភាពទ័ពជំនាញ) 

-កសាងតំបន់ប្រវត្តិសាស្ត្រយោធា 

-ប្រើប្រាស់យន្តការដែលមាន សម្រាប់ដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ 

-គាំទ្រដល់ដំណើរការបោះបង្គោលព្រំដែន និងចូលរួមអភិវឌ្ឍសហគមន៍តាមព្រំដែន

•​ កិច្ចការពារសន្តិសុខជាតិ 

-បដិវត្តន៍ពណ៌ 

-ភេរវកម្ម 

-ឧក្រិដ្ឋកម្មឆ្លងដែន 

-ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ 

-ជំងឺឆ្លងរាតត្បាតក្នុងស្រុក និងជាសកល 

-សន្តិសុខបច្ចេកវិទ្យាព័ត៌មាន​ កំណែទម្រង់យោធា 

-រចនាសម័ន្ទ និងការិយាធិបតេយ្យ 

-ការចូលនិវត្តន៍ 

-កាតព្វកិច្ចយោធា

-ទំនើបកម្ម និងឧស្សាហកម្មយោធា 

-ការអប់រំហ្វឹកហ្វឺន 

-ការជ្រើសរើសកងទ័ព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ 

-កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី 

-ក្របខណ្ឌតំបន់ 

-បេសកកម្មរក្សាសន្តិភាព 

• ផ្នែកទី៣: ការអនុវត្តផែនការយុទ្ធសាស្ត្រ 

-អាទិភាពនៃកិច្ចការពារជាតិ 

-បច្ចេកវិទ្យា និងនវានុវត្តន៍យោធា និងថវិកាការពារជាតិ។ 

ក្រោយពីស្តាប់នូវការធ្វើបទបង្ហាញរបស់ឯកលោកឧត្តមសេនីយ៍ឯក សួន សំណាង​ រួចមក លោក កែប ជុតិមា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងការពារជាតិសម្រេចបាន និងថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងការពារជាតិ និងគណៈកម្មការរដ្ឋសភា ក្នុងអាណត្តិកន្លងមក ហើយឯកឧត្តមសង្ឃឹមថា ក្នុងអាណត្តិថ្មីទី៧នេះ ក្រសួងការពារជាតិ ដែលមាន លោក ទៀ សីហា ជាឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងសម្រេចបានលទ្ធផលបន្តបន្ទាប់ទៀតជូនជាតិ និងប្រជាពលរដ្ឋ។

ក្នុងនាម លោកជាតំណាងរាស្ត្រ ដែលតំណាងឱ្យប្រជាជាតិខ្មែរទាំងមូល និងក្នុងនាមគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ពិតជាមានការត្រេកអរ និងសប្បាយចិត្ត ដែលបានស្តាប់នូវបទបង្ហាញអំពីគោលនយោបាយការពារជាតិ(សៀវភៅ ស ការពារជាតិ ឆ្នាំ២០២២) ដែលបានរៀបចំចងក្រងដោយក្រសួងការពារជាតិ និងបានឆ្លុះបញ្ចាំងអំពីទស្សនវិស័យគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត ដោយផ្អែកលើការវិភាគ និងការគិតគូរយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត។ តាមរយៈការធ្វើបទបង្ហាញអំពីគោលនយោបាយការពារជាតិ(សៀវភៅ ស ការពារជាតិ ឆ្នាំ២០២២) ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានធាតុចូល និងទទួលព័ត៌មានគ្រប់ជ្រុងជ្រោយដែលពាក់ព័ន្ធនឹងគោលនយោបាយការពារជាតិ ដើម្បីចូលរួមផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋ ដែលជាកម្លាំងគាំទ្រនៅសមរភូមិក្រោយ ក្នុងនាមជាខឿនការពារជាតិដ៏រឹងមាំឱ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ជាតិ ដើម្បីធានាដល់ការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យបានពេញលេញ។ 

ឆ្លៀតក្នុងឱកាសនោះដែរ លោក កែប ជុតិមា បានសំណូមពរ លោក ឧត្តមសេនីយ៍ឯក សួន សំណាង និងសហការីទាំងអស់បន្តបេសកកម្មក្នុងការផ្សព្វផ្សាយខ្លឹមសារនៃសៀវភៅ ស ការពារជាតិ ឆ្នាំ២០២២ ឱ្យបានដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងបុព្វហេតុចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ជាតិឱ្យបានរឹងមាំបន្ថែមទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖