ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​៖​ តួនាទីសំខាន់របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺជាសេនាធិការជូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើការងារសវនកម្មផ្ទៃក្នុង និងអភិបាលកិច្ចល្អ ដើម្បីពង្រឹងប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំពិធីបូកសរុប ត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក រស់ វរុណ រដ្ឋលេខាធិការទទួលបន្ទុក និងមានការអញ្ជើញចូលរួមពី លោក លោកស្រី​ អនុរដ្ឋលេខាធិការ លោក លោកស្រី​ អគ្គនាយករង  លោក លោកស្រី ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីរាជការចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ 

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ព្រុំ វុទ្ធី អគ្គនាយករង  បានឡើងអានរបាយការណ៍ស្តីពី លទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងជូនគណៈអធិបតី និងអង្គពិធី។

លោកឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានឡើងធ្វើការបំពេញបន្ថែមលើបទអន្តរាគមន៍របស់នាយកដ្ឋានទាំងបួន។ ឆ្លៀតក្នុងឱកាសនេះ លោកអគ្គនាយក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីក្រោមចំណុះ ដែលបានចំណាយពេលវេលា កម្លាំង ប្រាជ្ញា និង ស្មារតីចូលរួមអនុវត្តសកម្មភាពការងារប្រចាំថ្ងៃនៅតាមបណ្តានាយកដ្ឋាន និងការិយាល័យក្រោមចំណុះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។

លោក រស់ វរុណ រដ្ឋលេខាធិការទទួលបន្ទុក បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាបន្តបន្ទាប់របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងទាំងមូល ដោយទទួលបានលទ្ធផលជាផ្លែផ្កានាពេលកន្លងមក។  

ទន្ទឹមនេះដែរ លោករដ្ឋលេខាធិការ បានលើកឡើងពីតួនាទីដ៏សំខាន់របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលជាសេនាធិការជូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើការងារសវនកម្មផ្ទៃក្នុង និងអភិបាលកិច្ចល្អ ដើម្បីពង្រឹងប្រសិទ្ធភាព គណនេយ្យភាព សក្តិសិទ្ធិភាព នៅស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ បន្ថែមពីនេះ លោកបានផ្តាំផ្ញើឱ្យមន្ត្រីទាំងអស់ត្រូវចេះសាមគ្គី សហការគ្នា ធ្វើការទៅតាមរចនាសម្ព័ន្ធរបស់អង្គភាព ពុំគួរំលងអង្គភាពពាក់ព័ន្ធនោះទេ ជាពិសេស គោរពតាមអនុសាសន៍របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នូវអភិក្រមទាំង៣ គឺ៣កុំ ៣គួរ និងគប្បី១៖

៣កុំ៖   កុំឈ្លោះគ្នា,កុំប៉ែងជើងគ្នា,កុំច្រណែនគ្នា

៣គួរ៖  គួរស្រលាញ់គ្នា,គួរជ្រោមជ្រែងគ្នា,គួរសាទរគ្នា

គប្បី១៖គួរឱបដើមឈើក្រសួងមហាផ្ទៃឱ្យបានជោគជ័យ។

 លោករដ្ឋលេខាធិការទទួលបន្ទុក បានថ្លែងអំណរអគុណដល់ លោក លោកស្រី​ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីចំណុះអគ្គនាយកដ្ឋានក្នុងអង្គពិធីទាំងអស់ និង ប្រសិទ្ធពរជ័យ សិរីមង្គលក្នុងក្រុមគ្រួសារ និងសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ស​ តារា


ចែករំលែក៖