ព័ត៌មានទាន់ហេតុការណ៍៖

ម៉េចក៏ធ្វេសប្រហែស​ម្ល៉េះ! តៃកុងចុះពីលើរថយន្តពោងដឹកសុីម៉ងត៍មិនបានពន្លត់ម៉ាសុីននិងដាក់ហ្វ្រ័ងដៃបានរអិលចុះចំណោតឆ្លងផ្លូវទៅបុករះម៉ូតូ រថយន្ត​និងរបងរោងចក្រកាត់ដេរខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តពោងដឹកស៊ីម៉ងត៍ក្រោយ​ ហេីយពេលទម្លាក់សុីម៉ងត៍ដាក់ក្នុងរោងចក្រលាយបេតុងរួចរាល់​ក៏មកឈប់ចតនៅមាត់ច្រកទ្វារចេញចូល ហេីយចុះពីលើរថយន្តដោយមិនបានពន្លត់ម៉ាសុីននិងដាក់ហ្វ្រ័ងដៃ​ ធ្វេីឱ្យរថយន្តរអិលចុះចំណោតឆ្លងផ្លូវទៅបុករះម៉ូតូ រថយន្តនិងរបងរោងចក្រកាត់ដេរខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១​និង១៥នាទីព្រឹកថ្ងៃទី២៨​ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុចរោងចក្រកាត់ដេរ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​    បេីតាមសម្ដីតៃកុងរថយន្តបង្កបានឱ្យដឹងថា​ មុនពេលកើតហេតុ​ រូបគាត់បានបើករថយន្តពោងដឹកស៊ីម៉ងត៍ក្រុមហ៊ុនខេស៊ីមែនមួយគ្រឿង​ចូលទៅទម្លាក់សុីម៉ងត៍ក្នុងរោងចក្រលាយបេតុង​ រួចហើយក៏បានបើកចេញមកវិញនិងបានឈប់នៅខាងមុខក្បែរច្រកចេញចូល​ដោយចុះពីលើរថយន្តភ្លេចពន្លត់ម៉ាសុីននិងដាក់ហ្វ្រ័ងដៃ​ ទេីបរថយន្តបង្កបានរអិលទៅមុខធ្លាក់ចុះចំណោតឆ្លងផ្លូវទៅបុករះម៉ូតូ១គ្រឿង រថយន្ត២គ្រឿង រួចបន្តទៅបុកផ្ទប់របងរោងចក្រកាត់ដេរបន្ថែមទៀតទើបអស់ល្បឿនទៅមុខលែងរួច ។ ក្នុងហេតុការណ៍នេះបានធ្វេីឱ្យអ្នកលក់ម្ហូបអាហារនៅមុខរោងចក្រ​និងអ្នកដំណេីរមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង​ តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

​    ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​និងទុកពេលឱ្យភាគីទាំងអស់ធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តពោងដឹកស៊ីម៉ងត៍ព្រមចេញថ្លៃខូចខាតនិងជួសជុលទាំងអស់ឱ្យទៅភាគីរងគ្រោះដើម្បីបញ្ចប់រឿង ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖