ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិមានឈ្នះឈ្នះបានរៀបរាប់ពីតថភាពជាក់ស្តែងនៃការខិតខំប្រឹងប្រែងដឹកនាំ និងការចូលរួមរបស់ស្ថាបនិក និងមគ្គុទេសក៍ឯកសម្តេចតេជោ ក៏ដូចជាប្រតិបត្តិករសំខាន់ៗផ្សេងទៀតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អ្វីដែលយើងឃើញនៅទីកន្លែងនេះ គឺមានផ្សារភ្ជាប់ពីភាពសុខុដុមរមនាពីអតីតកាល រហូតមកដល់ភាពសុខុដុមរមនានិងការអភិវឌ្ឍក្នុងបច្ចុប្បន្នកាល ប៉ុន្តែត្រូវឆ្លងកាត់នូវដំណាក់កាលវេទនា ដើម្បីអោយយើងមើលឃើញថា កម្ពុជាបានឆ្លងកាត់អ្វីខ្លះ ទម្រាំយើងបានប៉ុណ្ណេះ និងដើម្បីឱ្យយើងស្គាល់តម្លៃនៃសន្តិភាពកាន់តែខ្លាំង។ ជាក់ស្ដែង ទិន្នន័យនៃគ្រាប់បែកសម្លាប់មនុស្ស និងយោធូបករណ៍ដែលធ្លាប់យកមកសម្លាប់គ្នា ក៏អាចបញ្ជាក់អោយយើងជាកូនខ្មែរជំនាន់ក្រោយបានចងចាំថា សង្រ្គាមមិនមែនជាអ្វីដែលយើងចង់បាននោះទេ ដូច្នេះហើយយើងត្រូវរួមគ្នាការពារសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «ពិធីខួបទី២៥ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃវិមានឈ្នះឈ្នះ» នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រសិនបើមិនមាននយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាទេ តើក្នុងរយៈពេល២៥ឆ្នាំមកនេះ មានខេត្តណាខ្លះទៅដែលនឹងត្រូវប្រកាសថា ជាខេត្តគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ? នេះជាសំណួរដែលត្រូវ ចោទសួរយើងទាំងអស់គ្នា?។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាពបង្ករជម្រើស បង្កើតឱកាសដល់កូនចៅខ្មែរគ្រប់រូប ហើយផលលាភនៃសុខសន្តិភាពនេះ មិនមែនបានត្រឹមតែបច្ចុប្បន្ននោះទេ គឺបានផលដល់កូនខ្មែរគ្រប់ជំនាន់ និងជារៀងរហូតតទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលមានមហិច្ឆតាខ្ពស់បំផុត ក្នុងការលើកស្ទួយកិត្យានុភាពប្រទេសកម្ពុជាឲ្យកាន់តែខ្ពស់ត្រដែតឡើងបន្ថែមទៀតនៅលើ ឆាកអន្តរជាតិ និងបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងឆ្នាំ២០៥០ ជាប្រទេសចំណូលកម្រិតខ្ពស់ ខណៈ មហិច្ឆតាទាំងនេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល ៕
ដោយ ៖ សិលា