ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបើកបំពានភ្លើងសញ្ញាចរាចរណ៍ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរថយន្តមួយគ្រឿងខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តជ្រុលឆ្លងស្តុបយ៉ាងលឿនបានទៅបុករថយន្តមួយគ្រឿងទៀតដែលបើកឆ្លងភ្លើងស្តុបខៀវចំពាក់កណ្តាលពេញទំហឹង ប៉ើងទៅចិញ្ចើមផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវព្រះនរោត្តមកែងផ្លូវលេខ២១៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត បានបើករថយន្តម៉ាកMazda ពណ៌ស ពាក់ស្លាកលេខរដ្ឋ10 2-0723 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុកបានបើកឆ្លងភ្លើងស្តុបខៀវ ខណៈ ឆ្លងដល់ពាក់កណ្ដាលផ្លូវស្របពេលមានរថយន្តស៊េរីទំនើបម៉ាក Lexus LM300h ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BV-0123 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ២១៤ ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន បានបើកឆ្លងស្តុបយ៉ាងលឿនក៏ជ្រុលទៅបុករថយន្ត Mazda ចំពាក់កណ្តាលពេញទំហឹងប៉ើងខ្ទាតទៅចិញ្ចើមផ្លូវផ្ទុះពោងសុវត្ថិភាព ចេញមកក្រៅខូចខាតធ្ងន់ធ្ងរ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ពិនិត្យកន្លែងកើតហេតុ បានឲ្យភាគីសងខាងសម្រួលគ្នា ដោយម្ចាស់រថយន្តLexus LM300h ព្រមចេញសំណងជួសជុលរថយន្ត Mazda ដើម្បីបញ្ចប់រឿង នៅកន្លែងកើត ហេតុ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖