ខេត្តព្រះសីហនុ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន (ចូលពីឡាវមកកម្ពុជា) ដោយរឹបអូសបានថ្នាំញៀនប្រមាណ ២០គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម២នាក់ នៅចំណុចមុខសណ្ឋាគារ The Palm Bay Resort នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។
ការបង្ក្រាបនេះអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ការចុះបង្ក្រាបនេះដោយកម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២០៖៣០នាទី។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់៖ ឈ្មោះ LO TUAN HANH ឬ TRAN TUAN THANH ភេទប្រុស ជនជាតិវៀតណាម កើត ២៦/១០/១៩៦០ កាន់លិខិតឆ្លងដែនលេខ C5968845 និងឈ្មោះ CHUNG DUONE ភេទប្រុស ជនជាតិវៀតណាម កើត ២៤/១២/១៩៨០ កាន់លិខិតឆ្លងដែនលេខ C8603967។ ចាប់យកវត្ថុតាង៖ សារធាតុញៀនហេរ៉ូអ៊ិន (HEROIN) ៦០ដុំ ស្មើទម្ងន់ ២០គីឡូក្រាម។
ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសហនុ តាមនីតិវិធី៕
ដោយ៖ តារា