ព័ត៌មានទាន់ហេតុការណ៍៖

សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី «ខួបលើកទី ២៥ ទិវានយោបាយឈ្នះ​ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ»

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​ នៅថ្ងៃទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានមានប្រសាសន៍ថា ពិធីអបអរសាទរខួបលើកទី ២៥ នៃ ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកនៃសុខសន្តិភាព គឺពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលរំឭកនូវការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា និងការទទួលបានសុខសន្តិភាពពេញលេញទូទាំង ផ្ទៃប្រទេស ដែលយើងមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំ ។ 

ក្នុងនេះ អ្វីដែលជាគន្លឹះពិតប្រាកដ នៃជោគជ័យរបស់នយោបាយឈ្នះ ឈ្នះ គឺក្តីគោរព និងជំនឿទុកចិត្តរបស់គ្រប់តួអង្គពាក់ព័ន្ធ ចំពោះ សម្តេចតេជោ ពីព្រោះនយោបាយឈ្នះ ឈ្នះ មិនត្រូវបានធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងណាមួយ នោះឡើយ ប៉ុន្តែជាការធានាផ្ទាល់របស់ សម្តេចតេជោ ដែលគ្រប់តួអង្គពាក់ព័ន្ធមានភាពប្រាកដ ក្នុងចិត្តថា សម្តេចតេជោ ពិតជាអនុវត្តនូវគ្រប់ពាក្យសន្យាដែលបានធ្វើ ។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងមនោសញ្ចេតនាគោរព ស្រឡាញ់យ៉ាងជ្រាលជ្រៅជូនចំពោះកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជាទាំងអស់ ដែលបានគាំទ្រ យ៉ាងពេញទំហឹងចំពោះ នយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន រហូតសម្រេច បានជោគជ័យដ៏ធំធេង, ដែលការណ៍នេះ បាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យ ។

ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំឭកបន្ថែមទៀតថា យើងបានបញ្ចប់ សង្គ្រាមដ៏រ៉ាំរ៉ៃតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក ដោយមានយុទ្ធសាស្ត្រ DIFID ដែលជាយុទ្ធសាស្ត្រ មួយក្នុងចំណោមយុទ្ធសាស្ត្រដទៃទៀត ដើម្បីឈានទៅរំលាយអង្គការចាត់តាំងនយោបាយ និង យោធារបស់ខ្មែរក្រហមទាំងស្រុង តាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ ជាមួយនឹងខ្លឹមសារស្នូល ចំនួន ៣ ដូចខាងក្រោម ៖

ទី១. ការធានាអាយុជីវិត និង រូបកាយ ៖ នេះជាបញ្ហាដ៏មានសារៈសំខាន់បំផុតដែលអ្នកផ្តាច់ខ្លួន ចេញពីខ្មែរក្រហមមិនត្រូវទទួលបាននូវការចាប់ចង ឬ ការធ្វើទុក្ខបុកម្នេញរហូតទៅដល់ការសម្លាប់ នោះទេ ។ ការណ៍នេះ គឺ ដើម្បីធានាថាអាយុជីវិត និង រូបកាយរបស់អ្នកផ្តាច់ខ្លួន មិនត្រូវបាន ទទួលការប៉ះពាល់ ។

ទី២. ការធានាអាជីព និង មុខរបរ ៖ ការធានាអាជីព និង មុខរបរ ត្រូវបញ្ជាក់អំពីអត្ថន័យរបស់វា បានច្បាស់ ។ រាជរដ្ឋាភិបាលបានរក្សាទុកទាំងអស់ ដោយគ្មានការរុះរើ គ្មានការដកហូតអាវុធ រាប់ទាំង រថក្រោះ ដោយរក្សាទុកទាំងរថក្រោះ កាំភ្លើងតូច/ធំ ទាំងអស់ គ្មានការរុះរើឡើយ ។ អ្នកធ្វើចៅហ្វាយស្រុក ចៅហ្វាយខេត្ត នៅបន្តធ្វើចៅហ្វាយស្រុក/ខេត្តតទៅទៀត, ប៉ុន្តែត្រូវអនុវត្តច្បាប់របស់ រាជរដ្ឋាភិបាល ។ អ្នកធ្លាប់ធ្វើគ្រូបង្រៀន ត្រូវបន្តធ្វើគ្រូបង្រៀនតទៅទៀត ប៉ុន្តែត្រូវដកកម្មវិធីសិក្សា របស់ខ្មែរក្រហមចេញ និង ដាក់កម្មវិធីសិក្សារបស់រាជរដ្ឋាភិបាលចូលជំនួសវិញ ។ អ្នកណាធ្លាប់ធ្វើអ្វី គឺធ្វើនោះវិញ ដោយគ្រាន់តែផ្លាស់ប្តូរឯកសណ្ឋានពីឯកសណ្ឋានរបស់ខ្មែរក្រហម ទៅជាឯកសណ្ឋាន របស់រាជរដ្ឋាភិបាល និង ពីការអនុវត្តកាតព្វកិច្ចរបស់ខ្មែរក្រហមវាយរាជរដ្ឋាភិបាល ទៅជាការអនុវត្ត នូវកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីការពារទឹកដី ។

ទី៣. ការធានាកម្មសិទ្ធិ ទាំងចលនទ្រព្យ និង អចលនទ្រព្យ ៖ បងប្អូនមានអ្វី គឺ រក្សានោះ; មានដីធ្លី ប៉ុន្មាន គឺរក្សាដីធ្លីនោះ; មានម៉ូតូ មានឡាន មានផ្ទះ គឺ រក្សាជាកម្មសិទ្ធិរបស់បងប្អូន ។

ជាមួយគ្នានេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរ អំពីផលប្រយោជន៍ ពិតប្រាកដនៃនយោបាយឈ្នះ ឈ្នះ ដែលរួមមានជាអាទិ៍ ៖

ទី១សង្គ្រាម, ជម្លោះប្រដាប់អាវុធ, ការស្លាប់ ឬ របួស ឬ ការព្រាត់ប្រាសដោយសារសង្គ្រាម ត្រូវបានបញ្ចប់ ទាំងស្រុងរហូតដល់ពេលបច្ចុប្បន្ននេះ ។

ទី២. ជោគជ័យដ៏ធំបំផុត គឺការធ្វើសមាហរណកម្មកងទ័ពអតីតបួនភាគីមកនៅតែមួយភាគី និង ជា កងទ័ពជាតិតែមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ។

ទី៣. ការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា ។

ទី៤ការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍ ។

ទី៥. ការបញ្ចប់បានសង្គ្រាមបានចូលរួមចំណែកក្នុងការពង្រឹងសន្តិភាពក្នុងតំបន់ និងចូលរួមដោះស្រាយ កិច្ចការអន្តរជាតិ ។

ទី៦. ការបញ្ចប់សង្គ្រាមនាំមកនូវវិនិយោគ និងទេសចរណ៍។

ទី៧. ការបញ្ចប់សង្គ្រាមនាំមកនូវការបង្រួបបង្រួមជាតិ ផ្តល់ឱកាសមាស ពេជ្រសម្រាប់ឱ្យយើងប្រមូល ផ្តុំកម្លាំងមនុស្ស, កម្លាំងប្រាជ្ញា, និង កម្លាំងទ្រព្យសម្បត្តិ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្រ ។

ទី៨. ជាមួយសន្តិភាព និង ដោយមានកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់រាជរដ្ឋាភិបាល, កម្ពុជា បាន បំពេញលក្ខខណ្ឌតម្រូវរបស់អង្គការសហប្រជាជាតិលើគ្រប់លក្ខខណ្ឌវិនិច្ឆ័យទាំងអស់សម្រាប់ចាក់ចេញពី ក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២១ ។

ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន, កម្ពុជាកំពុងស្ថិតនៅ លើមាគ៌ានៃការអភិវឌ្ឍប្រកបដោយក្តីសង្ឃឹម, ក្លៀវក្លា, រឹងប៉ឹង, និង កាន់តែជឿជាក់ ។ សម្រាប់ រយៈពេល ២៥ ឆ្នាំទៅមុខ ដែលជាវដ្តថ្មីនៃការអភិវឌ្ឍ, កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយ មោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង តាមរយៈ ការកសាងជាតិមួយឱ្យរឹងមាំ, រស់រវើក, រុងរឿង និង មានវិបុលភាព ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ៕

ដោយ​៖ សិលា


ចែករំលែក៖