ខេត្តកណ្តាល ៖ ដើម្បីដឹងពីសុខទុក្ខ បញ្ហាប្រឈម ក៏ដូចជាការប្រកបរបរប្រចាំថ្ងៃរបស់បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនជាអ្នកដែលប្រកបរបរម៉ូតូឌុប និងម៉ូតូកង់បី និងអញ្ជើញស្រស់ស្រូបអាហារពេលព្រឹកជុំគ្នា នៅក្រុងតាខ្មៅ
ក្នុងឱកាសជួបសំណេះសំណាលនេះ បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី បានស្នើសុំអោយមានជាសមាគមន៍ ក៏ដូចជាមានកាត់សម្គាល់ខ្លួនសម្រាប់បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្រុងតាខ្មៅ។
មានប្រសាសន៍នាឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តកណ្តាល ក៏បានឯកភាពនូវសំណើររបស់បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី និងស្នើដល់បងប្អូនសូមរៀបចំឯកសារ ស្រង់នូវព័ត៌មានផ្សេងៗ ដើម្បីរៀបចំដល់ក្រុមការងារចេញកាត់សម្គាល់ដល់បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្រុងតាខ្មៅ។
លោក បានបញ្ជាក់បន្ថែមថា៖ បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី គឺជាអ្នកចូលរួមដ៏សំខាន់ក្នុងការផ្តល់នូវព័ត៌មានពិសេសត្រូវធ្វើជាបណ្ដាញដ៏ល្អក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលវេលា។
លោក អភិបាលខេត្តកណ្តាល បន្ថែមថា៖ បងប្អូនដែលជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ ត្រូវបង្កើនសូមមានស្មារតីទទួលខុសត្រូវ និងត្រូវគោរពនូវច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវមានក្រមសីលធម៌ ក្នុងការផ្ដល់សេវាជូនអតិថិជនរបស់ខ្លួន ប្រកបដោយទំនុកចិត្ត និងភាពកក់ក្ដៅដល់ភ្ញៀវ ហើយបងប្អូនក៏អាចរកចំណូលបានពីមុខរបរនេះ កាន់តែយូរអង្វែងផងដែរ។ លោកក៏បានអំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ៕
ដោយ ៖ សិលា