ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤  នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីក្រសួងមហាផ្ទៃ។ 

មានប្រសាសន៍អញ្ជើញបើកសន្និបាត  នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែកក្នុងការបំពេញភារកិច្ចយ៉ាងសកម្ម លើការអនុវត្តការងារភស្តុភារ-ហិរញ្ញវត្ថុ សំដៅឱ្យការគ្រប់គ្រង ផ្គត់ផ្គង់ ថវិកា ប្រេងឥន្ធនៈ សម្ភារ ឯកសណ្ឋាន ឧបករណ៍ មធ្យោបាយ និងសេវាគាំទ្រនានា ដើម្បីបម្រើដល់គ្រប់កិច្ចប្រតិបត្តិការដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី២ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងជាឆ្នាំទី២ នៃ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ គឺគណនេយ្យភាពសមិទ្ធកម្មដែល បានប្រកាសឱ្យអនុវត្តដំបូងនៅឆ្នាំ២០២៣។

នាឱកាសនោះដែរ  នាយឧត្តមសេនីយ៍ សាន លុច អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍ ស្ដីពី ការបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ជូនគណៈអធិបតី និងអង្គពិធីទាំងមូល។

គួរបញ្ជាក់ថា ការរៀបចំសន្និបាតនាពេលនេះ គឺមានគោលបំណងពង្រឹងការគោរពវិន័យថវិកា ប្រសិទ្ធភាព នៃការវិភាជន៍ថវិកា ប្រតិបត្តិការ ស័ក្តិសិទ្ធភាពនៃការផ្តល់សេវាគាំទ្រដល់ក្រសួងមហាផ្ទៃ និងបន្តជំរុញ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលជាដំណាក់កាល ដ៏មានសារៈសំខាន់បំផុតរបស់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ សំដៅឱ្យការគ្រប់គ្រងហិរញ្ញវត្ថុ ប្រកបដោយ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ជាមួយនឹងកិច្ចព្រមព្រៀងសមិទ្ធកម្មក្នុងស្ថានភាពនៃ ការទទួលខុសត្រូវខ្ពស់ ផ្តួបផ្សំការពង្រឹងប្រព័ន្ធបច្ចេកវិទ្យា៕

ដោយ ៖ សិលា


ចែករំលែក៖