ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អបអរសាទរខួបអនុស្សាវរីយ៍លើកទី​២៥​ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា​ និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ

ចែករំលែក៖

ភ្នំពេញ ៖ ការជួបជុំគ្នានាថ្ងៃ​ដ៏នក្ខត្តឫក្ស​ នៅបរិវេណវិមានឈ្នះ ឈ្នះនាព្រឹកនេះ​ បានបង្ហាញនូវបរិយាកាសដ៏សប្បាយរីករាយប្រកបដោយសុភមង្គលនៃមហាក្រុមគ្រួសារខ្មែរ ក្រោមដំបូលដ៏ត្រជាក់ត្រជុំនៃម្លប់សន្តិភាព និងការរីកចម្រើន។ នេះជាការលើកឡើងពី លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។ 

លោកថ្លែងថា៖ ថ្ងៃ២៩ ខែធ្នូ ជាការរំលឹកដល់គម្រូវីរភាពនៃស្ថាបនិកនយោបាយឈ្នះ ឈ្នះ តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដែលជាការធានាអាយុជីវិត អាជីព និងកម្មសិទ្ធឯកជនរបស់កងកម្លាំងខ្មែរក្រហមដែលធ្វើសមាហរណកម្ម មករួមរស់ជាមួយរាជរដ្ឋាភិបាល ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។ ភាពរីកចម្រើនដែលកម្ពុជា និងប្រជាជនកម្ពុជាកំពុងតែមាននាពេលនេះ ជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែង តស៊ូ លះបង់ ក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ តាមរយៈការឆ្លងកាត់លើសមរភូមិ និងការចរចាជាច្រើនរាប់មិនអស់ ក្នុងគោលដៅស្វែងរកសេចក្តីសុខ និងភាពរីកចម្រើនជូនជាតិ និងប្រជាជនកម្ពុជា ជាពិសេសមាគ៌ានយោបាយនៃការស្វែងរកសុខសន្តិភាព ការផ្សះផ្សា និងបង្រួបបង្រួមជាតិ របស់ស្ថាបនិកនយោបាយនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ 

ខ្ញុំសូមយក ឱកាសនេះថ្លែងអំណរគុណដល់ស្ថាបនិកនយោបាយឈ្នះ ឈ្នះ និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះគ្រប់ៗរូប ដែលបានបន្សល់ទុកមរតកនៃសុខសន្តិភាពដែលជាមរតកដែលមានគុណតម្លៃដ៏ធំមហាសាល​សម្រាប់ជាតិ និងប្រជាជនកម្ពុជា ៕ 

ដោយ ៖ សិលា


ចែករំលែក៖