សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្រុមមន្រ្តីហាម៉ាសបាននិយាយថា គណៈប្រតិភូរបស់ខ្លួននឹងធ្វើដំណើរទៅដល់ទីក្រុងគែរ ប្រទេសអេហ្ស៉ីប នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សា ក៏ដូចជាបញ្ចេញយោបល់អំពីផែនការរបស់អេហ្ស៉ីបសម្រាប់បទឈប់បាញ់មួយ ដែលអាចនឹងនាំទៅរកការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។
ផែនការនេះត្រូវបានដាក់ចេញកាលពីសប្តាហ៍មុនដល់មន្ត្រីនៃក្រុមហាម៉ាស និងក្រុម Islamic Jihad ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៉ីស្រាអែល។ បើតាម ប្រភពជិតស្និទ្ធនឹងក្រុមហាម៉ាស ផែនការ ៣ដំណាក់កាលរបស់ទីក្រុងគែរ គឺរួមមានការយល់ព្រមលើបទឈប់បាញ់ឡើងវិញ ការដោះលែងចំណាប់ខ្មាំង អ៉ីស្រាអែលជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន និងការឈានទៅរកបទឈប់បាញ់យូអង្វែងដើម្បីបញ្ចប់សង្រ្គាម។
កាលពីខែវិច្ឆិកា កាតាដែលគាំទ្រដោយអេហ្ស៉ីប និងសហរដ្ឋអាមេរិក បានធ្វើជាអាជ្ញាកណ្តាលស្វែងបទឈប់បាញ់ រយៈពេលមួយសប្តាហ៍ ហើយដែលកាលណោះសម្រេចបាននូវការដោះដូរចំណាប់ខ្មាំងអ៉ីស្រាអែលចំនួន ៨០នាក់ ជាមួយអ្នកទោសប៉ាឡេស្ទីនចំនួន ២៤០នាក់៕
ដោយ៖ ធីរីណា(រូបថត៖ AP)