ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែននឹងកាន់តែពោរពេញដោយថាមវន្ត និងសមាហរណកម្មក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ

ចែករំលែក៖

ភ្នំពេញ ៖ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តយុនណាននៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គនាយករង ក្នុងគោលបំណងពិភាក្សាអំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការជំរុញ និងទាក់ទាញគម្រោងវិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ។

មានមតិក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោកបានសម្តែងនូវការវាយតម្លៃខ្ពស់ជូនចំពោះគណៈប្រតិភូដែលបានឆ្លៀតពេលវេលាមុនឆ្លងឆ្នាំសកលអញ្ជើញមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ដើម្បីចូលជួបពិភាក្សាការងារជាមួយរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធលើប្រធានបទស្តីពីកិច្ចការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រោមឆ័ត្រទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ​ លោកបានថ្លែងអំណរគុណមន្ទីរពាណិជ្ជកម្មខេត្តយុនណានដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការសហការជាមួយ ក.អ.ក. ដើម្បីទាក់ទាញ និងរុញច្រានវិនិយោគិន និងធុរជនមកស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាក្នុងឆ្នាំ ២០២៤ ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួនពូនជ្រុំកម្លាំងធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ ១០០០ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសសំដៅប្រមូលផ្តុំកម្រងឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារមកពីខេត្តយុនណានមកបណ្តាក់ទុនវិនិយោគដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារចំណីអាហារក្នុងស្រុក និងតំបន់ដែលកំពុងពោរពេញដោយសក្តានុពល និងថាមវន្ត។ លើសពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីការគាំទ្ររបស់ ក.អ.ក. លើគម្រោងធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មសេដ្ឋកិច្ចក្នុងអនុតំបន់ក្នុងគោលដៅរួមគ្នាដោះស្រាយបញ្ហាមួយចំនួនក្នុងអនុតំបន់ដែលកំពុងតែរងផលជះអវិជ្ជមានពីបញ្ហាប្រឈមសកលតាមរយៈ (១) ការពង្រឹង និងពង្រីករបៀងសេដ្ឋកិច្ច (២) កិច្ចសម្រួលវិនិយោគ និងពាណិជ្ជកម្ម និង (៣) ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាហត្ថលេខី។    

ជាការឆ្លើយតប សមភាគីបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងក្រៃលែងលើមតិលើកឡើងរបស់​ឯកឧត្តមអគ្គលេខាធិការរងលើចំណុចពាក់ព័ន្ធខាងលើ ហើយបានប្តេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនឱ្យកាន់តែរីកធំធាត់។ បន្ថែមពីនេះ ភាគីមិត្តក៏បានឆ្លៀតឱកាសនៃជំនួបពិភាក្សាការងារនេះដើម្បីគោរពអញ្ជើញវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ក.អ.ក. ចូលរួមកម្មវិធីពិព័រណ៍, ព្រឹត្តិការណ៍ជំរុញវិនិយោគ ក៏ដូចជាវេទិកាគណៈអភិបាលនៃមហាអនុតំបន់មេគង្គ ដែលនឹងប្រារព្ធឡើងនៅខេត្តយុនណាន នាអំឡុងឆមាសទី ២ ឆ្នាំ២០២៤៕

ដោយ ៖ សហការី


ចែករំលែក៖