ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការផ្តល់ប្រាក់កម្ចីអនឡាញដោយគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា៖ ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងការកម្ចីអនឡាញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការឯកភាពពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សំ ចាន់ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ពាក់ព័ន្ធការផ្តល់ប្រាក់កម្ចីអនឡាញដោយគ្មានច្បាប់អនុញ្ញាត្ត បរិហារកេរ្តិ៍ និងក្លែងឯកសារ ហើយបានបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធីបន្ត។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី។

នាយកដ្ឋាន សូមបន្តក្រើនរំលឹកសាធារណៈជនទាំងអស់ថា ការផ្តល់កម្ចីជាអាជីវកម្មជូនប្រជាពលរដ្ឋដោយគ្មានការអនុញ្ញាត គឺជាបទល្មើសព្រហ្មទណ្ឌក្នុងច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលអាចឈានទៅដល់ការផ្តន្ទាទោសដាក់ពន្ធនាគារ។

ចំពោះទំនាក់ទំនងសិទ្ធិលើបំណុលម្ចាស់បំណុល នៅតែមានសិទ្ធិប្តឹងទាមទារបំណុលពីកូនបំណុលស្របតាមនីតិវិធីនៃច្បាប់។ ហេតុដូច្នេះសូមសាធារណ:ជន ជៀសវាងការប្រតិបត្តិការកម្ចីប្រាក់ក្រៅប្រព័ន្ធដែលធ្វើឲ្យមានហានិភ័យខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖