ភ្នំពេញ ៖ ផ្តើមដំណើរការពីថ្ងៃទី២១ ខែសីហាដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋសភានីតិកាលទី៧ បានបិទសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលមានរយៈពេល៣ខែតាមច្បាប់កំណត់ និងប្រកបដោយភាពជោគជ័យ។
ក្រៅពីការបំពេញតួនាទីទាំងបី របស់រដ្ឋសភា មានការងារនីតិកម្ម គឺការពិភាក្សា និងអនុម័តច្បាប់ ភាពជាតំណាងពលរដ្ឋ និងការតាមដានត្រួតពិនិត្យការអនុវត្តច្បាប់។ រដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានបំពេញភារកិច្ចប្រកបដោយភាពជោគជ័យ និងការទទួលខុសត្រូវខ្ពស់ លើការងារវិស័យការទូតសភា ផងដែរ។
នៅក្នុងរយៈពេលជាងបីខែកន្លងមកនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយភ្ញៀវជាតិ អន្តរជាតិ រួមមានឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត និងអង្គការអន្តជាតិនានា បានចំនួន១៨លើក។ ក្រៅពីនេះសម្តេចបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសភូមិផងរបងជាប់កម្ពុជា មានប្រទេសវៀតណាម និងប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំកំពូលសភា CLV លើកទី១ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងវៀងចន្ទន៍ផងដែរ ៕
ដោយ ៖ សិលា