ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ឆាបឆេះ​ផ្ទះលក់សម្ភារអគ្គិសនីយីហោ “សៀមរាបឡាយស៍”​ ផ្អើលសមត្ថកិច្ចក្រុងសៀមរាបទាំងព្រឹក

ចែករំលែក៖

ខេត្តសៀមរាប​៖​ ផ្ទះថ្មពីរល្វែងដែលជាទីតាំង​លក់បោះដុំនិងរាយសម្ភារអគ្គិសនីយីហោ” សៀមរាបឡាយស៍” ក្រុងសៀមរាប ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងព្រឹក​បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះទៅជួយ​អន្តរាគមន៍​បាញ់ទឹកពន្លត់​ដេីម្បី​ទប់ស្កាត់​កុំឱ្យ​ឆេះរាលដាលដល់ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​។ 

ប្រភពដដែលបន្តថា​ ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​ខាងលេីនេះ​បានកេីតឡេីង​តាំងពីម៉ោងជាង០៦ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២៣នេះ រហូតមកដល់ម៉ោង១១ជាងថ្ងៃដដែលនេះ អគ្គិភ័យនៅបន្តឆេះផ្ទះពលរដ្ឋចំនួន២ល្វែងនៅក្រុងសៀមរាប ដោយមន្រ្តីពន្លត់អគ្គិភ័យបានប្រើប្រាស់ឡានទឹកអស់ប្រហែលជាង ៤០ឡានហើយ។

មន្រ្តី​មូលដ្ឋាន​បានឱ្យដឹងថា​ ផ្ទះថ្ម០២ល្វែងដែលត្រូវអគ្គិភ័យឆេះនេះ ជាទីតាំងលក់បោះដុំនិងរាយសម្ភារអគ្គិសនីយីហោ សៀមរាបឡាយស៍ ស្ថិតក្នុងក្រុមទី៣ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះដែលជាម្ចាស់ផ្ទះមានឈ្មោះ សាន សុភ័ក្ត្ររស្មី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងអគ្គិសនីបោះដុំនិងរាយ។

គួរជម្រាបដែរថា​ សម្រាប់​របាយការណ៍​បឋមបានបញ្ជាក់ថា ផ្ទះថ្ម០២ល្វែងកម្ពស់ពីរជាន់ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ដោយក្នុងនោះ មានទ្រព្យសម្បត្តិនិងសម្ភារគ្រឿងអគ្គិសនីមួយចំនួនធំ ។​ ចំពោះករណីនេះ មិនបណ្តាល​ឱ្យមានអ្នករងរបួស​ ឫគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

ដោយ៖ កូន​អ្នក​សៀមរាប​


ចែករំលែក៖