ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការគ្នាជាមួយនគរបាលខេត្តព្រះវិហារ និងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះបង្ក្រាបក្រុមប្លន់២នាក់ជាមុខសញ្ញាធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ដ្ររាជធានី-ខេត្ត ។
ករណីបង្ក្រាបនេះធ្វើ ឡើងកាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ម្សិលមុិញ ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ២១និង១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ឡ.វ.ឆ.ក. ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្ត សៀមរាប មានករណីប្លន់បង្កឡើងដោយជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់ ។
ជនសង្ស័យទាំង២នាក់បានសារភាពដូចគ្នាថា ពួកខ្លួនមានបក្ខពួក ៣នាក់ ពិតជាបានធ្វើសកម្មភាពចូលផ្ទះពលរដ្ឋ និងប្រដាប់ដោយកាំបិត (ដែលបានចាប់យក) ភ្ជង់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ប្រគល់ឲ្យទៅនគរបាលខេត្តសៀមរាប បន្តអនុវត្តនីតិវិធី និងស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ឈិន ភណ្ឌ ដែលរត់គេចខ្លួន ។
សកម្មភាពរបស់ជនល្មើស គេចមិនរួចក្នុងការប្រមាញ់របស់សមត្ថកិច្ចឡើយ ដោយសារកម្លាំងតាមបណ្តារាជធានី.ខេត្ត សហការជាមួយគ្នាបានល្អ ក្នុងពន្លាតដែនសមត្ថកិច្ច បង្ក្រាបបទល្មើស ៕
ដោយ ៖ សិលា